សេចក្ដីអធិស្ឋានទាស់នឹងសត្រូវចម្រៀងមួយ ជាបទតម្កើងរបស់អេសាភ។ 1 ឱព្រះអើយ សូមកុំនៅស្ងាត់ឡើយ! ឱព្រះអើយ សូមកុំរក្សាភាពស្ងៀមស្ងាត់ ក៏កុំនៅស្ងៀមឡើយ! 2 មើល៍! ខ្មាំងសត្រូវរបស់ព្រះអង្គជ្រួលឡើង ហើយអ្នកដែលស្អប់ព្រះអង្គបានងើបក្បាលឡើង! 3 ពួកគេឃុបឃិតគ្នារកឧបាយកលទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រឹក្សាគ្នាទាស់នឹងអ្នកដែលព្រះអង្គរក្សាទុក។ 4 ពួកគេនិយាយថា៖ “មក៍! យើងនាំគ្នាបំផ្លាញជីវិតពួកគេចេញពីប្រជាជាតិ ដើម្បីកុំឲ្យឈ្មោះរបស់អ៊ីស្រាអែលត្រូវបាននឹកចាំទៀតឡើយ”។ 5 ដ្បិតពួកគេប្រឹក្សាយោបល់គ្នា ពួកគេតាំងសម្ពន្ធមេត្រីទាស់នឹងព្រះអង្គ 6 ពួកគេគឺ រោងរបស់អេដំ អ៊ីសម៉ាអែល ម៉ូអាប់ និងពួកហាការ 7 កេបាល អាំម៉ូន និងអាម៉ាលេក ព្រមទាំងភីលីស្ទីន ជាមួយអ្នកដែលរស់នៅទីរ៉ុស។ 8 សូម្បីតែអាស្ស៊ីរីក៏បានចូលរួមជាមួយពួកគេដែរ ហើយចូលដៃជាមួយកូនចៅឡុត។ សេឡា 9 សូមប្រព្រឹត្តដល់ពួកគេ ដូចដែលប្រព្រឹត្តដល់ម៉ាឌាន ដូចដែលប្រព្រឹត្តដល់ស៊ីសេរ៉ា និងយ៉ាប៊ីន នៅស្ទឹងគីសុន—— 10 ពួកគេត្រូវបានបំផ្លាញនៅអេន-ដោរ ពួកគេបានទៅជាជីសម្រាប់ដី។ 11 សូមធ្វើឲ្យពួកអភិជនរបស់ពួកគេបានដូចជាអូរិប និងសៀប ហើយឲ្យពួកព្រះអង្គម្ចាស់ទាំងអស់របស់ពួកគេ បានដូចជាសេបាស និងសាលមូណា 12 ជាអ្នកដែលនិយាយថា៖ “យើងនាំគ្នាយកវាលស្មៅរបស់ព្រះជាមរតកសម្រាប់ខ្លួនយើងទៅ!”។ 13 ព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យពួកគេបានដូចជាធូលីដីដែលត្រូវខ្យល់កួច និងដូចជាចំបើងនៅចំពោះខ្យល់ទៅ! 14 ដូចដែលភ្លើងឆេះព្រៃ និងដូចដែលអណ្ដាតភ្លើងបញ្ឆេះភ្នំនានាយ៉ាងណា 15 សូមដេញតាមពួកគេដោយព្យុះសង្ឃរារបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេតក់ស្លុតដោយខ្យល់កួចរបស់ព្រះអង្គយ៉ាងនោះដែរ។ 16 ព្រះយេហូវ៉ាអើយ សូមបំពេញមុខរបស់ពួកគេដោយសេចក្ដីអាម៉ាស់ ដើម្បីឲ្យពួកគេស្វែងរកព្រះនាមរបស់ព្រះអង្គ! 17 សូមឲ្យពួកគេអាម៉ាស់មុខ ហើយតក់ស្លុតជារៀងរហូត សូមឲ្យពួកគេទទួលការអាប់យស ហើយវិនាសទៅ 18 ដើម្បីឲ្យពួកគេដឹងថា ព្រះអង្គតែមួយប៉ុណ្ណោះ ដែលព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុតនៅលើផែនដីទាំងមូល៕ |