ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 50 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 50

ការថ្វាយបង្គំដ៏ពិតប្រាកដ
បទតម្កើង​របស់​អេសាភ​។

1 ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏មានព្រះចេស្ដា​បាន​មានបន្ទូល ព្រះអង្គ​ត្រាស់ហៅ​ផែនដី ចាប់ពី​តំបន់ថ្ងៃរះ រហូតដល់​តំបន់ថ្ងៃលិច​។

2 ព្រះ​បាន​បញ្ចេញពន្លឺ​ពី​ស៊ីយ៉ូន ដែលជា​ភាពឥតខ្ចោះ​នៃ​សោភ័ណភាព​។

3 ព្រះ​របស់យើង​នឹង​យាង​មក ព្រះអង្គ​នឹង​មិន​នៅស្ងៀម​ឡើយ​; មាន​ភ្លើង​ស៊ីបំផ្លាញ​នៅពីមុខ​ព្រះអង្គ មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ព្រះអង្គ​។

4 ព្រះអង្គ​ត្រាស់ហៅ​មេឃ​ខាងលើ ក៏​ត្រាស់ហៅ​ផែនដី ដើម្បី​ជំនុំជម្រះ​ប្រជារាស្ត្រ​របស់ព្រះអង្គ ថា​៖

5 “ចូរ​ប្រមូល​វិសុទ្ធជន​របស់យើង​មក​ឯ​យើង គឺ​អ្នកដែល​តាំង​សម្ពន្ធមេត្រី​ជាមួយ​យើង​ដោយ​យញ្ញបូជា”។

6 ផ្ទៃមេឃ​នឹង​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ដោយព្រោះ​ព្រះ​ផ្ទាល់​ជា​ចៅក្រម​។ សេឡា

7 “ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ស្ដាប់ យើង​នឹង​និយាយ​! អ៊ីស្រាអែល​អើយ យើង​នឹង​ធ្វើបន្ទាល់​ទាស់នឹង​អ្នក​! យើង​ជា​ព្រះ គឺជា​ព្រះ​របស់អ្នក​។

8 យើង​មិន​ស្ដីបន្ទោស​អ្នក​ព្រោះតែ​យញ្ញបូជា​របស់អ្នក​ទេ រីឯ​តង្វាយដុត​របស់អ្នក​ក៏​នៅចំពោះ​យើង​ជានិច្ច​ដែរ​។

9 យើង​នឹង​មិន​យក​គោបា​ពី​ផ្ទះ​របស់អ្នក​ឡើយ ក៏មិន​យក​ពពែឈ្មោល​ពី​ក្រោល​របស់អ្នក​ដែរ

10 ដ្បិត​អស់ទាំង​សត្វ​ព្រៃ​ជារបស់​យើង ព្រមទាំង​សត្វស្រុក​នៅតាម​ទីទួល​ទាំង​ពាន់​ផង​។

11 យើង​ស្គាល់​បក្សាបក្សី​ទាំងអស់​ដែលនៅតាម​ភ្នំ ហើយ​សត្វ​នានា​នៅតាម​ទីវាល​ក៏​ជារបស់​យើង​ដែរ​។

12 ប្រសិនបើ​យើង​ឃ្លាន ក៏​យើង​មិន​ប្រាប់​អ្នក​ដែរ ដ្បិត​ពិភពលោក និង​របស់សព្វសារពើ​នៅ​ទីនោះ​ជារបស់​យើង​។

13 តើ​យើង​ហូប​សាច់​គោបា ឬ​ផឹក​ឈាម​ពពែឈ្មោល​ឬ​?

14 ចូរ​ថ្វាយ​តង្វាយអរព្រះគុណ​ដល់​ព្រះ ហើយ​លាបំណន់​ដែល​អ្នក​បានបន់ ដល់​ព្រះ​ដ៏ខ្ពស់បំផុត​ចុះ​។

15 ចូរ​ស្រែកហៅ​យើង​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​ចុះ នោះ​យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង”។

16 ប៉ុន្តែ​ចំពោះ​មនុស្ស​អាក្រក់ ព្រះ​បាន​មានបន្ទូលថា​៖ “តើ​អ្នក​អាង​សិទ្ធិ​អ្វី បានជា​ថ្លែង​បទបញ្ញត្តិ​របស់យើង ឬ​លើកយក​សម្ពន្ធមេត្រី​របស់យើង​ក្នុង​មាត់​របស់អ្នក​ដូច្នេះ​?

17 ពិតមែនហើយ អ្នក​បាន​ស្អប់​ការប្រៀនប្រដៅ ហើយ​បាន​បោះចោល​ព្រះបន្ទូល​របស់យើង​ទៅ​ក្រោយ​អ្នក​ដែរ​។

18 កាលណា​ឃើញ​ចោរ អ្នក​ក៏​ពេញចិត្ត​នឹង​គេ ហើយ​ចំណែក​របស់អ្នក​ក៏​នៅជាមួយ​មនុស្ស​ផិតក្បត់​ដែរ​។

19 អ្នក​បាន​ប្រគល់​មាត់​របស់អ្នក​ទៅ​សេចក្ដីអាក្រក់ ហើយ​អណ្ដាត​របស់អ្នក​គ្រោង​ល្បិចកល​។

20 អ្នក​អង្គុយ​និយាយ​ទាស់នឹង​បងប្អូន​របស់អ្នក ទាំង​និយាយមួលបង្កាច់​ទាស់នឹង​កូន​របស់​ម្ដាយ​អ្នក​ដែរ​។

21 អ្នក​បាន​ប្រព្រឹត្ត​ការទាំងនេះ ប៉ុន្តែ​យើង​បាន​រក្សាភាពស្ងៀមស្ងាត់ អ្នក​បាន​គិតថា​យើង​ដូច​តែ​អ្នក​ប៉ុណ្ណោះ ប៉ុន្តែ​យើង​នឹង​ស្ដីបន្ទោស​អ្នក ព្រមទាំង​លាតត្រដាង​ការទាំងនេះ​នៅចំពោះ​ភ្នែក​របស់អ្នក​។

22 ឥឡូវនេះ ពួកដែល​ភ្លេច​ព្រះ​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីនេះ ក្រែងលោ​យើង​ហែក​ពួកអ្នក​ជាបំណែក ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។

23 អ្នកដែល​ថ្វាយ​តង្វាយអរព្រះគុណ គឺ​លើកតម្កើងសិរីរុងរឿង​ដល់​យើង ហើយ​តម្រង់​ផ្លូវ​របស់ខ្លួន​; យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative