ទំនុកតម្កើង 49 - ព្រះគម្ពីរខ្មែរសាកលមិនត្រូវទុកចិត្តលើទ្រព្យសម្បត្តិ បទតម្កើងរបស់កូនចៅកូរ៉ា សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ប្រជាជាតិទាំងអស់អើយ ចូរស្ដាប់សេចក្ដីនេះ! អស់អ្នកដែលរស់នៅក្នុងពិភពលោកអើយ ចូរផ្ទៀងត្រចៀក 2 គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ជាមួយគ្នា។ 3 មាត់របស់ខ្ញុំនឹងថ្លែងប្រាជ្ញា ហើយការសញ្ជឹងគិតនៃចិត្តខ្ញុំនាំមកនូវការយល់ដឹង។ 4 ខ្ញុំនឹងផ្ទៀងត្រចៀករបស់ខ្ញុំនឹងសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំដោយពិណហាប។ 5 នៅថ្ងៃនៃមហន្តរាយ ពេលអំពើទុច្ចរិតរបស់អ្នកបៀតបៀនខ្ញុំព័ទ្ធជុំវិញខ្ញុំ ម្ដេចក៏ខ្ញុំត្រូវភ័យខ្លាចដូច្នេះ? 6 ពួកគេទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួន ហើយអួតអំពីភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន។ 7 មនុស្សពិតជាមិនអាចបង់ថ្លៃលោះបងប្អូនបានទេ ក៏មិនអាចថ្វាយដល់ព្រះនូវថ្លៃលោះរបស់គេបានដែរ 8 ——ដ្បិតថ្លៃលោះព្រលឹងរបស់គេថ្លៃណាស់ គឺមានតែឈប់គិត ជារៀងរហូត—— 9 ដើម្បីឲ្យគេរស់ជាដរាប គឺកុំឲ្យឃើញរណ្ដៅមរណៈឡើយ។ 10 ជាការពិត គេឃើញថាមនុស្សមានប្រាជ្ញាស្លាប់; មនុស្សល្ងង់ និងមនុស្សខ្លៅក៏វិនាសដូចគ្នា ព្រមទាំងទុកទ្រព្យសម្បត្តិរបស់ខ្លួនឲ្យអ្នកដទៃផង។ 11 ពួកគេគិតក្នុងចិត្តថា ផ្ទះរបស់ខ្លួននឹងមាននៅជារៀងរហូត ហើយលំនៅរបស់ពួកគេក៏មាននៅពីជំនាន់មួយទៅជំនាន់មួយ; ពួកគេហៅដីធ្លីតាមឈ្មោះរបស់ខ្លួន។ 12 ប៉ុន្តែមនុស្សនៅក្នុងភាពឧត្ដុង្គឧត្ដម ក៏នៅស្ថិតស្ថេរមិនបានឡើយ គឺប្រៀបដូចជាសត្វដែលវិនាសទៅ។ 13 នេះជាផ្លូវរបស់ពួកឆោតល្ងង់ និងជាផ្លូវរបស់ជំនាន់ក្រោយពួកគេ ដែលយល់ស្របនឹងពាក្យសម្ដីរបស់ពួកគេ។ សេឡា 14 ពួកគេត្រូវបានតម្រូវសម្រាប់ស្ថានមនុស្សស្លាប់ដូចជាហ្វូងចៀម សេចក្ដីស្លាប់នឹងឃ្វាលពួកគេ ហើយមនុស្សទៀងត្រង់នឹងត្រួតត្រាលើពួកគេតាំងពីព្រឹកព្រលឹម។ រូបសណ្ឋានរបស់ពួកគេគឺសម្រាប់ឲ្យស្ថានមនុស្សស្លាប់ស៊ីបំផ្លាញ ដោយគ្មានទីអាស្រ័យសម្រាប់គេឡើយ។ 15 ប៉ុន្តែព្រះនឹងប្រោសលោះព្រលឹងរបស់ខ្ញុំពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលយកខ្ញុំ។ សេឡា 16 នៅពេលមនុស្សម្នាក់ក្លាយជាអ្នកមាន នៅពេលភាពរុងរឿងនៃផ្ទះគេចម្រើនឡើង ក៏កុំភ័យខ្លាចឡើយ 17 ដ្បិតនៅពេលគេស្លាប់ គេនឹងយកអ្វីទៅមិនបានទេ ភាពរុងរឿងរបស់គេនឹងមិនចុះទៅតាមគេឡើយ។ 18 ទោះបីជាពេលនៅរស់ គេឲ្យពរព្រលឹងរបស់ខ្លួនដោយពោលថា៖ “គេនឹងសរសើរឯង ពីព្រោះឯងធ្វើបានល្អដល់ខ្លួន” ក៏ដោយ 19 ក៏គេនឹងទៅឯជំនាន់ដូនតារបស់ខ្លួនជារៀងរហូត គេនឹងមិនឃើញពន្លឺទៀតឡើយ។ 20 មនុស្សដែលមានភាពឧត្ដុង្គឧត្ដម តែគ្មានការយល់ច្បាស់ គឺប្រៀបដូចជាសត្វចិញ្ចឹមដែលវិនាសទៅ៕ |