ចម្រៀងមង្គលការរបស់ព្រះមហាក្សត្រទំនុកម៉ាស្គីល របស់កូនចៅកូរ៉ា ជាចម្រៀងស្នេហា; សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងផ្កាលីលី។ 1 ចិត្តរបស់ខ្ញុំបានពេញហៀរដោយពាក្យពេចន៍ដ៏ល្អ ខ្ញុំសូត្រកំណាព្យរបស់ខ្ញុំដល់ស្ដេច អណ្ដាតរបស់ខ្ញុំជាប៉ាកការបស់អ្នកនិពន្ធដ៏ស្ទាត់ជំនាញ។ 2 ព្រះករុណាទ្រង់សង្ហាជាងមនុស្សលោក ព្រះគុណត្រូវបានចាក់បង្ហូរលើព្រះរឹមរបស់ព្រះករុណា ដោយហេតុនេះ ព្រះបានប្រទានពរព្រះករុណាជារៀងរហូត។ 3 ព្រះករុណាដ៏ខ្លាំងពូកែអើយ សូមក្រវាត់ដាវរបស់ព្រះករុណានៅនឹងភ្លៅ ក្នុងសិរីរុងរឿង និងអានុភាពរបស់ព្រះករុណាទៅ! 4 ក្នុងអានុភាពរបស់ព្រះករុណា សូមព្រះករុណាជិះទៅទាំងមានជ័យជម្នះ ដោយព្រោះសេចក្ដីពិត ភាពរាបសា និងសេចក្ដីសុចរិតយុត្តិធម៌! សូមឲ្យព្រះហស្តស្ដាំរបស់ព្រះករុណា បង្ហាញព្រះករុណានូវការគួរឲ្យស្ញែងខ្លាច! 5 ព្រួញរបស់ព្រះករុណាមុតណាស់ វាចូលក្នុងបេះដូងខ្មាំងសត្រូវរបស់ព្រះរាជា; ប្រជាជាតិទាំងឡាយដួលនៅក្រោមព្រះករុណា។ 6 ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌! 7 ព្រះអង្គស្រឡាញ់សេចក្ដីសុចរិតយុត្តិធម៌ ហើយស្អប់សេចក្ដីអាក្រក់; ដោយហេតុនេះ ព្រះ គឺព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកលើព្រះអង្គ ដោយប្រេងនៃអំណរ ជាជាងគូកនរបស់ព្រះអង្គ។ 8 អស់ទាំងព្រះពស្ត្ររបស់ព្រះករុណា ជាជ័រល្វីងទេស ក្រឹស្នា និងឈើអែម; គ្រឿងតន្ត្រីមានខ្សែមកពីវិមានភ្លុក ធ្វើឲ្យព្រះករុណាអរសប្បាយ។ 9 មានបុត្រីរបស់ស្ដេចនានានៅក្នុងចំណោមពួកស្ត្រីមានកិត្តិយសរបស់ព្រះករុណា; អគ្គមហេសីទ្រង់ឈរនៅខាងស្ដាំព្រះករុណា ប្រដាប់ដោយមាសពីអូភារ។ 10 ចូរស្ដាប់ រាជធីតាអើយ! ចូរពិចារណា ហើយផ្ទៀងត្រចៀករបស់អ្នក ចូរបំភ្លេចសាសន៍របស់អ្នក និងផ្ទះរបស់ឪពុកអ្នកចុះ 11 នោះស្ដេចនឹងប្រាថ្នាចង់បានសម្រស់របស់អ្នក! ដ្បិតទ្រង់ជាចៅហ្វាយរបស់អ្នក ដូច្នេះចូរថ្វាយបង្គំទ្រង់ចុះ! 12 កូនស្រីទីរ៉ុសនឹងនាំជំនូនមក ហើយពួកអ្នកមាននៃប្រជាជននឹងសុំក្ដីសន្ដោសពីអ្នក។ 13 រាជធីតារបស់ស្ដេចមានសិរីរុងរឿងយ៉ាងក្រៃលែង នៅក្នុងរាជវាំង; ព្រះពស្ត្ររបស់ព្រះនាង ត្បាញពីមាស។ 14 ព្រះនាងនឹងត្រូវបាននាំមកឯស្ដេច ទាំងគ្រងព្រះពស្ត្រប៉ាក់; ពួកស្ត្រីព្រហ្មចារីដែលតាមព្រះនាង ជាមិត្តសម្លាញ់របស់ព្រះនាង ក៏ត្រូវបាននាំមកឯព្រះករុណាដែរ។ 15 ពួកនាងត្រូវបាននាំមកដោយមានអំណរ និងសេចក្ដីត្រេកអរ; ពួកនាងចូលទៅក្នុងវិមានរបស់ស្ដេច។ 16 កូនចៅរបស់អ្នកនឹងជំនួសដូនតារបស់អ្នក អ្នកនឹងធ្វើឲ្យពួកគេទៅជាអ្នកដឹកនាំនៅលើផែនដីទាំងមូល។ 17 យើងនឹងធ្វើឲ្យគេនឹកចាំឈ្មោះរបស់អ្នកនៅគ្រប់ជំនាន់ទាំងអស់ ដោយហេតុនេះ ប្រជាជាតិនានានឹងអរគុណអ្នក ជារៀងរហូតអស់កល្បជានិច្ច៕ |