ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 147 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 147

ព្រះទ្រង់ស្ដារយេរូសាឡិមឡើងវិញ

1 ហាលេលូយ៉ា​! ដ្បិត​ការដែល​ច្រៀងសរសើរតម្កើង​ព្រះ​របស់យើង​ជាការ​ល្អ ដ្បិត​ចម្រៀងសរសើរតម្កើង នោះ​ប្រពៃ ហើយ​សមគួរ​ទៀតផង​!

2 ព្រះយេហូវ៉ា​សាងសង់​យេរូសាឡិម​ឡើង ព្រះអង្គ​ប្រមូល​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល​មកវិញ​។

3 ព្រះអង្គ​ប្រោស​អ្នកដែល​បែកខ្ទេច​ក្នុង​ចិត្ត​ឲ្យជា ហើយ​រុំ​របួស​របស់ពួកគេ​។

4 ព្រះអង្គ​ទ្រង់​រាប់​ចំនួន​ផ្កាយ ហើយ​ដាក់ឈ្មោះ​ឲ្យ​វា​ទាំងអស់​។

5 ព្រះអម្ចាស់​របស់យើង​ទ្រង់​ធំឧត្ដម ហើយ​ប្រកបដោយ​ព្រះចេស្ដា​ដ៏មហិមា​; ការយល់ដឹង​របស់ព្រះអង្គ​វាស់ស្ទង់មិនបានឡើយ​។

6 ព្រះយេហូវ៉ា​ទ្រទ្រង់​មនុស្ស​តូចទាប ហើយ​បន្ទាប​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​។

7 ចូរ​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា​ដោយ​ការអរព្រះគុណ ចូរ​ច្រៀងសរសើរតម្កើង​ព្រះ​របស់យើង​ដោយ​ពិណហាប​!

8 ព្រះអង្គ​គ្របដណ្ដប់​ផ្ទៃមេឃ​ដោយ​ពពក ហើយ​រៀបចំ​ភ្លៀង​សម្រាប់​ផែនដី ក៏​ធ្វើឲ្យ​ស្មៅ​ដុះឡើង​នៅលើ​ភ្នំ​នានា​។

9 ព្រះអង្គ​ប្រទាន​ចំណី​ដល់​សត្វព្រៃ និង​ដល់​កូន​ក្អែក​នៅពេល​វា​យំ​។

10 ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​កម្លាំង​របស់​សេះ ក៏មិន​រីករាយ​នឹង​កម្លាំងជើង​របស់​មនុស្ស​ដែរ

11 គឺ​ព្រះយេហូវ៉ា​ទ្រង់​រីករាយ​នឹង​អ្នកដែល​កោតខ្លាច​ព្រះអង្គ និង​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​វិញ​។

12 យេរូសាឡិម​អើយ ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​! ស៊ីយ៉ូន​អើយ ចូរ​សរសើរតម្កើង​ព្រះ​របស់អ្នក​!

13 ដ្បិត​ព្រះអង្គ​បាន​ពង្រឹង​រនុក​ទ្វារក្រុង​របស់អ្នក ព្រះអង្គ​បាន​ប្រទានពរ​កូន​ៗ​របស់អ្នក​ដែល​នៅ​ជាមួយ​អ្នក​។

14 ព្រះអង្គ​ទ្រង់​ធ្វើឲ្យមាន​សេចក្ដីសុខសាន្ត​នៅក្នុង​ព្រំដែន​របស់អ្នក ហើយ​ចម្អែត​អ្នក​ដោយ​ស្រូវសាលី​ល្អបំផុត​។

15 ព្រះអង្គ​ទ្រង់​ចាត់​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឲ្យទៅ​លើ​ផែនដី​; ព្រះបន្ទូល​របស់ព្រះអង្គ​រត់ទៅ​យ៉ាងលឿន​។

16 ព្រះអង្គ​ប្រទាន​ព្រិល​ដូចជា​រោមចៀម ព្រះអង្គ​បាច​សន្សើមកក​ដូចជា​ផេះ​។

17 ព្រះអង្គ​បោះ​ដុំទឹកកក​របស់ព្រះអង្គ​ដូចជា​ដុំនំប៉័ង តើ​នរណា​អាច​ឈរ​នៅចំពោះ​ភាពត្រជាក់​ពី​ព្រះអង្គ​បាន​?

18 ព្រះអង្គ​ទ្រង់​ចាត់​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យទៅ ហើយ​រំលាយ​វា ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ខ្យល់​របស់ព្រះអង្គ​បក់មក នោះ​ទឹក​ក៏​ហូរ​វិញ​។

19 ព្រះអង្គ​ប្រកាស​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​យ៉ាកុប ក៏​ប្រកាស​បទបញ្ញត្តិ និង​ច្បាប់​របស់ព្រះអង្គ​ដល់​អ៊ីស្រាអែល​ផង​។

20 ព្រះអង្គ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ​ដល់​ប្រជាជាតិ​ណា​ទៀតឡើយ ហើយ​ពួកគេ​ក៏​មិន​បាន​ស្គាល់​ច្បាប់​របស់ព្រះអង្គ​ដែរ​។ ហាលេលូយ៉ា​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative