ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួន អើ សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួនតទៅ។
អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា បើអ្នកណាមិនព្រមធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ។ ដ្បិតយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា រស់នៅដោយខ្ជិលច្រអូល មិនរវីរវល់នឹងធ្វើការអ្វីសោះ គឺរវល់តែនឹងការឥតប្រយោជន៍។ ដូច្នេះ យើងបង្គាប់ ហើយដាស់តឿនមនុស្សបែបនោះ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យធ្វើកិច្ចការរបស់ខ្លួនដោយស្រគត់ស្រគំ ហើយបរិភោគអាហារពីកម្លាំងញើសឈាមរបស់ខ្លួនទៅ។
ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។
អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។
អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
ហើយខំប្រឹងរស់នៅដោយស្រគត់ស្រគំ គិតតែកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃខ្លួនឯង ដូចយើងបានបង្គាប់អ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅយ៉ាងត្រឹមត្រូវនៅចំពោះអ្នកខាងក្រៅ ហើយមិនត្រូវពឹងផ្អែកលើអ្នកណាឡើយ។
មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។
ចៅហ្វាយរបស់គាត់ ពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។
អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូស នឹងត្រូវទទួលការបម្រើវិញ។
ព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការ និងថែរក្សា។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។
អ្នកដែលដាំ និងអ្នកដែលស្រោចទឹក មានគោលដៅតែមួយដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមការដែលខ្លួនបានធ្វើ។
តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកម្លាំងឡើយ ព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»។
គំនិតរបស់មនុស្សឧស្សាហ៍ នាំឲ្យបានបរិបូរឡើងតែម៉្យាង តែអស់អ្នកណាដែលមានចិត្តរលះរលាំង នោះនឹងបានតែសេចក្ដីខ្វះខាតវិញ។
ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសម្រាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។
ចូរបម្រើដោយស្ម័គ្រពីចិត្ត ដូចបម្រើព្រះអម្ចាស់ មិនមែនបម្រើមនុស្សឡើយ ដោយដឹងថា ការល្អអ្វីដែលមនុស្សម្នាក់ៗធ្វើ នោះនឹងទទួលរង្វាន់ពីព្រះអម្ចាស់ ទោះជាបាវបម្រើ ឬអ្នកជាក្តី។
ចៅហ្វាយរបស់លោកឃើញថា ព្រះយេហូវ៉ាគង់នៅជាមួយលោក ហើយថា ព្រះយេហូវ៉ាធ្វើឲ្យគ្រប់ការទាំងអស់បានចម្រើនឡើង ដោយសារដៃរបស់លោក។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានអាហារជាបរិបូរ តែអ្នកណាដែលជាប់តាមមនុស្សចោលម្សៀត នោះនឹងបានសេចក្ដីកម្សត់យ៉ាងឆ្អែតវិញ។
ផ្ទុយទៅវិញ ត្រូវនឹកចាំពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតគឺព្រះអង្គហើយដែលប្រទានឲ្យអ្នកមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីបញ្ជាក់សេចក្ដីសញ្ញា ដែលព្រះអង្គបានស្បថនឹងបុព្វបុរស ដូចមាននៅថ្ងៃនេះ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
អ្នកណាដែលមានចិត្តទូលាយ ហើយឲ្យគេខ្ចី អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃ ជាអ្នកដែលធ្វើកិច្ចការរបស់ខ្លួនដោយយុត្តិធម៌។
អ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការតូចបំផុត នោះឈ្មោះថា ស្មោះត្រង់ក្នុងកិច្ចការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងកិច្ចការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរ។
មនុស្សល្អតែងតែទុកមត៌ក ដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុក សម្រាប់មនុស្សសុចរិតវិញ។
ហើយយើងបានធ្វើឲ្យគាត់ពេញដោយព្រះវិញ្ញាណរបស់ព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់
ត្រូវឲ្យទៅគាត់ដោយឥតទើសទាល់ ហើយមិនត្រូវមានចិត្តមួហ្មងឡើយ ដ្បិតបើប្រព្រឹត្តដូច្នោះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ទាំងកិច្ចការរបស់អ្នក និងក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ផលនៃសេចក្ដីសុភាព និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា គឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
៙ ដ្បិតការលើកតម្កើង មិនមែនមកពីទិសខាងកើត ឬមកពីទិសខាងលិច ហើយក៏មិនមែនមកពីទីរហោស្ថានដែរ គឺព្រះទេតើ ដែលព្រះអង្គជាចៅក្រម ព្រះអង្គបន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង។
រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ នៅស្ថិតស្ថេរជារៀងរហូត ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ នៅជាប់ជាដរាប គ្រប់ជំនាន់តរៀងទៅ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ចូរដាស់តឿនពួកអ្នកមាននៅលោកីយ៍នេះ កុំឲ្យគេមានឫកខ្ពស់ ឬសង្ឃឹមលើទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ តែត្រូវសង្ឃឹមលើព្រះដែលទ្រង់ប្រទានអ្វីៗទាំងអស់មកយើងយ៉ាងបរិបូរ ឲ្យយើងបានអរសប្បាយ។ ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើនោះ នឹងបានសងដល់អ្នកនោះវិញ។
អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាច និងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង។ វាគ្មានមេ គ្មានអ្នកត្រួតត្រា ឬគ្មានអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀង ទុកនៅក្នុងរដូវចម្រូតបាន។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។ ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទម្ងន់ ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
ព្រះយេហូវ៉ានឹងបើកឃ្លាំងដ៏វិសេសរបស់ព្រះអង្គឲ្យដល់អ្នក គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ដល់ស្រុករបស់អ្នកតាមរដូវកាល ហើយឲ្យពរគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។ អ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី តែអ្នកនឹងមិនខ្ចីគេឡើយ។
កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ មកុដស្តេចក៏មិននៅជាប់គ្រប់ជំនាន់ដែរ។ ឯស្មៅក្រៀមគេដឹកយកទៅ រួចស្មៅខ្ចីលូតលាស់ឡើង ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ កូនចៀមទាំងប៉ុន្មាននឹងបានសម្រាប់ធ្វើជា សម្លៀកបំពាក់ដល់អ្នក ឯពពែឈ្មោលក៏សម្រាប់សងថ្លៃចម្ការដែរ ហើយមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសម្រាប់គ្រួសារឯង ហើយសម្រាប់ចិញ្ចឹមពួកស្រីបម្រើរបស់ឯងទៀត។
ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។ អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។
ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់ខ្លួនដោយសុចរិត និងយុត្តិធម៌ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយម្នាក់នៅស្ថានសួគ៌ដែរ។
ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។ ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ អ្នកយាមល្បាតនឹងខំប្រឹងយាម ជាឥតប្រយោជន៍។
មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចម្រូត ហើយខ្វះខាតវិញ។
ដូច្នេះ ការដែលគ្រប់មនុស្សបានស៊ី និងផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទានរបស់ព្រះ។
ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។
ព្រះអង្គបានប្រទានឲ្យអ្នកទាំងពីរមានគំនិតវាងវៃគ្រប់យ៉ាង សម្រាប់ចាត់ចែងកិច្ចការខាងជាងចម្លាក់ អ្នករចនា អ្នកប៉ាក់ អ្នកត្បាញសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត សម្រាប់ធ្វើការគ្រប់យ៉ាង ព្រមទាំងបង្កើតគម្រោងការថ្មីផង»។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
ចូរឲ្យទៅគេ នោះគេនឹងឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។
បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
កេរ្តិ៍ឈ្មោះល្អ គួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ វិសេសជាងប្រាក់ និងមាសផង។
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ តែអ្នកណាដែលប្រញាប់ប្រញាល់ ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។ ៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។ ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ ហើយជំហានរបស់គេមិនរអិលឡើយ។ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយសម្លាប់គេ។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។ យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។ ប៉ុន្ដែ គេទៅបាត់ ហើយមើល៍ គេមិននៅទៀតឡើយ ទោះបើយើងបានស្វែងរកគេ តែរកគេមិនឃើញសោះ។ ៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះ នឹងបានសុខសាន្ត។ រីឯមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ចុងបំផុតរបស់មនុស្សអាក្រក់ នឹងត្រូវកាត់ចេញ។ ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ទីណាគ្មានអ្នកប្រាជ្ញានាំមុខ ប្រជាជន រមែងដួលចុះ តែបើមានអ្នកប្រឹក្សាច្រើន នោះមានសេចក្ដីសុខវិញ។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់ ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់ឯង នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯង នឹងបានយឺនយូរទៅ។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត?
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។ ប្តីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ នាងធ្វើឲ្យប្តីបានសេចក្ដីល្អ មិនមែនអាក្រក់ឡើយរហូត ដល់អស់មួយជីវិតនាង។ នាងរករោមចៀមនឹងខ្លូតទេស ក៏ធ្វើការដោយដៃយ៉ាងស្ម័គ្រពីចិត្ត នាងធៀបដូចជានាវាដឹកទំនិញ គឺនាងនាំយកអាហារមកពីទីឆ្ងាយ នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ ហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាន នាងពិចារណាមើលចម្ការមួយ ហើយក៏ទិញទុក រួចយកផលនៃស្នាដៃនាង ទៅដាំដំណាំទំពាំងបាយជូរ។ នាងទម្លាប់ចង្កេះឲ្យមានកម្លាំង ហើយឲ្យដៃបានខ្លាំងឡើងដែរ នាងឃើញថា ទំនិញរបស់នាងសុទ្ធតែមានកម្រៃ ហើយយប់ៗចង្កៀងនាងមិនរលត់ទេ។ នាងចាប់យកហុង ហើយម្រាមដៃក៏កាន់ខ្នារ កូនអើយ កូនដែលកើតពីផ្ទៃយើងអើយ ឱកូននៃបំណន់យើងអើយ តើត្រូវឲ្យយើងប្រាប់ឯងដូចម្តេច នាងឈោងដៃដល់មនុស្សកម្សត់ទុគ៌ត ហើយនាងហុចដៃទៅជួយមនុស្សក្រលំបាកផង។ ចំណែកពួកផ្ទះនាង នោះនាងមិនខ្លាចចំពោះហិមៈទេ ដ្បិតគេសុទ្ធតែស្លៀកពាក់សំពត់ សក្លាតពណ៌ក្រហម នាងត្បាញសំពត់ដណ្តប់ខ្លួន សម្លៀកបំពាក់របស់នាងសុទ្ធតែធ្វើពី សំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ។ កាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុង ក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ។ នាងក៏ធ្វើអាវខ្លូតទេសសម្រាប់លក់ ហើយធ្វើខ្សែក្រវាត់ឲ្យដល់អ្នកជំនួញ។ នាងមានកម្លាំងនឹងលម្អជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណា ដែលកើតបាននៅខាងមុខ។ នាងពោលដោយប្រាជ្ញា ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស នាងថែមើលអស់ទាំងផ្លូវ របស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារ ដោយសេចក្ដីកម្ជិលឡើយ កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើង គោរពដល់ម្តាយ ថាជាអ្នកមានពរ ប្តីក៏ក្រោកឈរឡើងសរសើរដល់នាងដែរថា៖ «មានស្រីៗជាច្រើនបានប្រព្រឹត្ត ដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់»។ គឺកុំឲ្យបង់កម្លាំងឯងប្រគល់ពួកស្រី ឬអំពើឯងដល់ការ ដែលបំផ្លាញពួកស្តេចឡើយ។ រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។ ចូរថ្លែងពីផលដែលដៃនាងបានបង្កើត ហើយទុកឲ្យស្នាដៃរបស់នាង បានជាទីសរសើរដល់នាងនៅទ្វារក្រុងចុះ។:៚
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ ក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ ដល់គ្រប់ជំនាន់ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។ នោះនឹងបានជាសេចក្ដីសុខស្រួល ដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង។
ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។ អ្នកដែលដាំ និងអ្នកដែលស្រោចទឹក មានគោលដៅតែមួយដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមការដែលខ្លួនបានធ្វើ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ចូរអរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង! ចូរសម្តែងឲ្យមនុស្សទាំងអស់បានស្គាល់សេចក្ដីសម្លូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ជិតយាងមកហើយ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។ ដ្បិតអស់អ្នកណាដែលសូម នោះនឹងបានទទួល អ្នកណាដែលរក នោះនឹងបានឃើញ ក៏នឹងបើកឲ្យអ្នកណាដែលគោះដែរ។
ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
អ្នកណាដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីសប្បុរស អ្នកនោះនឹងរកបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។
ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គយ៉ាងអស់ពីចិត្ត ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ ជារៀងរហូត។
ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
មិនត្រូវជំពាក់អ្វីដល់អ្នកណា ក្រៅពីសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកឡើយ ដ្បិតអ្នកណាដែលស្រឡាញ់អ្នកដទៃ នោះបានសម្រេចតាមក្រឹត្យវិន័យហើយ។
ព្រះអង្គដែលផ្គត់ផ្គង់ពូជដល់អ្នកសាបព្រោះ និងអាហារសម្រាប់បរិភោគផងនោះ ទ្រង់នឹងផ្គត់ផ្គង់ ហើយធ្វើឲ្យពូជរបស់អ្នករាល់គ្នាកើនចំនួនកាន់តែច្រើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាថែមទៀតផង។
៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។
នេះជាបទបញ្ជារបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។