យើងទាំងអស់គ្នាដឹងហើយថា ព្រះវរបិតាយេហូវ៉ារបស់យើងពេញចិត្ត ហើយទ្រង់ក៏ចង់ឲ្យកូនៗរបស់ទ្រង់រស់នៅដោយមានរបៀបរៀបរយ ដូចដែលបានបង្ហាញនៅក្នុង (លោកុប្បត្តិ ១:១-៣១)។
ពិតណាស់ ព្រះជាម្ចាស់ដ៏មានរបៀបរៀបរយ។ យើងឃើញរឿងនេះនៅក្នុងរដូវកាលដែលមកដល់ជាប្រចាំ ទឹកឡើងទឹកចុះ គន្លងរបស់ព្រះអាទិត្យ និងសូម្បីតែនៅក្នុងរចនាសម្ព័ន្ធម៉ូលេគុលនៃរាងកាយរបស់យើងផងដែរ។
សូមឲ្យយើងអធិស្ឋានសុំព្រះជាម្ចាស់នាំមកនូវរបៀបរៀបរយមកក្នុងជីវិតរបស់យើង ដូចដែលទ្រង់បានរៀបចំនៅដើមដំបូងនៃការបង្កើត សូមឲ្យទ្រង់រៀបចំអត្តចរិត និងចិត្តរបស់យើង។
ក្នុងរយៈពេលប្រាំមួយថ្ងៃ ទ្រង់បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដីនេះ។ ដូចគ្នានេះដែរ យើងទុកចិត្តលើព្រះបន្ទូលរបស់ទ្រង់ ដើម្បីឲ្យបំណងប្រាថ្នាដ៏ល្អ គាប់ព្រះហឫទ័យ និងល្អឥតខ្ចោះរបស់ទ្រង់បានសម្រេចនៅក្នុងយើង។
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។
ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។
ចូររំឭកពួកគេឲ្យចុះចូលនឹងពួកមេដឹកនាំ ចុះចូលនឹងអាជ្ញាធរ ឲ្យគេស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ
កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។
ត្រូវនឹកពិចារណាក្នុងចិត្តថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក បានវាយផ្ចាលអ្នក ដូចជាមនុស្សវាយផ្ចាលកូនរបស់ខ្លួន។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។
ឯវិញ្ញាណរបស់ពួកអ្នកដែលថ្លែងទំនាយ គឺស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងទំនាយនោះឯង
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។
អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូន នោះឧស្សាហ៍វាយផ្ចាលវា។
អ្នកណាដែលមិនព្រមទទួល សេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះបានយោបល់វិញ។
ក្នុងក្រុមជំនុំ ទីមួយ ព្រះបានតែងតាំងអ្នកខ្លះជាសាវក ទីពីរ ជាហោរា ទីបី ជាគ្រូបង្រៀន បន្ទាប់មក ជាអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អ្នកដែលមានអំណោយទានខាងការប្រោសឲ្យជា ខាងកិច្ចការជំនួយ ខាងការគ្រប់គ្រង ខាងនិយាយភាសាដទៃផ្សេងៗ។
ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។
ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមាន សង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
កូនចៅអ៊ីស្រាអែលចេញដំណើរជាក្បួនទ័ព តាមអង្គភាពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។
កុំខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។ គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ អ្នកនឹងជួយព្រលឹងវាឲ្យរួច ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
ចូរស្តីប្រដៅកូនអ្នកចុះ ទោះគេនឹងឲ្យអ្នកបានសម្រាកចិត្ត គេនឹងឲ្យអ្នកមានចិត្តរីករាយផង។
នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ព្រះអង្គហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកព្រះអង្គដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដី នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
«ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរលំឡើយ ព្រោះផ្ទះនោះបានចាក់គ្រឹះនៅលើថ្ម។ រីឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សល្ងង់ខ្លៅ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់។ ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះទង្គិចនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាខ្លាំង»។
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់ទាំងពាក្យមានការបញ្ជាក់ ដោយភស្ដុតាងរបស់សាក្សីពីរ ឬបីនាក់ ។ ប្រសិនបើគាត់មិនព្រមស្តាប់អ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្តាប់ក្រុមជំនុំទៀត ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬជាអ្នកទារពន្ធចុះ។
«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះ? គ្រប់គ្នាដែលចូលមករកខ្ញុំ ហើយស្តាប់ពាក្យខ្ញុំ រួចប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះជាមនុស្សបែបណា អ្នកនោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា ពេលទឹកជន់ឡើង ហូរគំហុកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរង្គើរឡើយ ព្រោះបានសង់យ៉ាងរឹងមាំ។ ចំណែកអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ដោយគ្មានគ្រឹះ។ លុះទឹកហូរគំហុកមកប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំភ្លាម ហើយត្រូវខូចខាតយ៉ាងធ្ងន់»។
ពួកគេព្យាយាមនៅជាប់ក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ក្នុងការប្រកបគ្នា ធ្វើពិធីកាច់នំបុ័ង និងការអធិស្ឋាន។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។ មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។ សេចក្តីស្រឡាញ់មិនធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាការសម្រេចតាមក្រឹត្យវិន័យ។ ក្រៅពីនេះ ត្រូវដឹងថា នេះជាវេលាណា គឺដល់ម៉ោងដែលត្រូវភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ ការសង្គ្រោះនៅជិតយើងជាងកាលយើងទើបនឹងជឿ យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដូច្នេះ អ្នកណាដែលតាំងខ្លួនប្រឆាំងនឹងអំណាចនោះ ឈ្មោះថាប្រឆាំងនឹងអ្វីដែលព្រះបានតាំងឡើងដែរ ហើយអស់អ្នកដែលប្រឆាំង នោះនឹងត្រូវជាប់ទោស។
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ ព្រះអង្គដែលយាងចុះទៅនោះ ជាព្រះអង្គដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់)។ ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។ ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកពីព្រះអង្គ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានចម្រើនឡើង និងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។ ដូច្នេះ ខ្ញុំនិយាយសេចក្តីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា មិនត្រូវឲ្យអ្នករាល់គ្នារស់នៅដូចសាសន៍ដទៃ ដែលរស់នៅតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ។ គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។ គេលែងខ្លាចបាប ហើយបានបណ្ដោយខ្លួនទៅតាមសេចក្តីអាសអាភាស ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងមិនចេះស្កប់។ ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ អ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទបែបនោះទេ! អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ ហើយបានរៀនក្នុងព្រះអង្គ តាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវ។ ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។ ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។ ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ កុំឲ្យអារក្សមានឱកាសឲ្យសោះ។ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។ មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។ ទាំងខំប្រឹងរក្សាការរួបរួមរបស់ព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។
ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅឡើយ តែត្រូវអប់រំវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។
ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់! ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។ ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ
កុំរវល់នឹងរឿងព្រេងឥតខ្លឹមសាររបស់ស្ត្រីចាស់ៗឡើយ តែត្រូវបង្ហាត់ខ្លួនខាងឯការគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
រីឯអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ឥតលួចបន្លំឡើយ គឺត្រូវសម្តែងខ្លួនជាស្មោះត្រង់គ្រប់ជំពូក ដើម្បីឲ្យបានតាក់តែងសេចក្ដីបង្រៀនរបស់ព្រះ ជាព្រះសង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។ ព្រះគុណរបស់ព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងឲ្យលះចោលសេចក្ដីទមិឡល្មើស និងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពប្រតិបត្តិដល់ព្រះ ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។ ចូរប្រាប់សេចក្ដីទាំងនេះ ទាំងដាស់តឿន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។ ត្រូវទូន្មានលោកតាចាស់ៗឲ្យចេះគ្រប់គ្រងចិត្ត មានចិត្តនឹងធឹង ហើយធ្ងន់ ឲ្យមានជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនផង។ ឯលោកយាយចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទឲ្យសមជាស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬញៀនស្រាឡើយ ត្រូវបង្រៀនអ្វីដែលល្អ ដើម្បីបង្ហាត់ស្ត្រីដែលនៅក្មេង ឲ្យចេះស្រឡាញ់ប្តី និងកូនរបស់ខ្លួន ឲ្យមានចិត្តធ្ងន់ បរិសុទ្ធ ជាអ្នករវល់តែនឹងកិច្ចការផ្ទះ មានចិត្តល្អ ហើយចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីកុំឲ្យមានអ្នកណាប្រមាថព្រះបន្ទូលបានឡើយ។ ឯបុរសដែលនៅក្មេងក៏ដូច្នោះដែរ ចូរដាស់តឿនគេឲ្យមានចិត្តធ្ងន់ធ្ងរ។ ចូរសម្តែងខ្លួន ទុកជាគំរូពីអំពើល្អគ្រប់ជំពូក ទាំងបង្រៀនគេដោយចិត្តស្អាតស្អំ និងថ្លៃថ្នូរ ហើយនិយាយពាក្យត្រឹមត្រូវ ដែលរកចាប់ទោសមិនបាន ដើម្បីឲ្យអ្នកណាដែលទាស់ទទឹងមានសេចក្ដីខ្មាស ដោយរកហេតុនឹងនិយាយអាក្រក់ពីយើងមិនបាន។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ ដ្បិតកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះឡើយ។ ហេតុនេះ ចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងអំពើស្មោកគ្រោក និងអំពើគម្រក់ទាំងប៉ុន្មានចេញ ដ្បិតព្រះបន្ទូលនោះអាចនឹងសង្គ្រោះព្រលឹងអ្នករាល់គ្នា។ ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។ ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែឆ្លុះមើល រួចចេញបាត់ទៅ ទាំងភ្លេចពីរូបភាពរបស់ខ្លួនជាយ៉ាងណាភ្លាម។ រីឯអ្នកដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយជាប់ចិត្ត ឥតមានភ្លេចនឹងសេចក្ដីដែលស្តាប់ គឺប្រព្រឹត្តតាម អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងកិច្ចការដែលខ្លួនធ្វើជាមិនខាន។ ប្រសិនបើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួន អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួន ហើយសាសនារបស់អ្នកនោះឥតប្រយោជន៍ទទេ។ សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។ ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។ ចូរទុកឲ្យចិត្តអំណត់នោះ បានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។
ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។
យើងដឹងថា យើងស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺដោយយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ។ អ្នកណាដែលពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះឡើយ តែអ្នកណាដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះប្រាកដជាសេចក្ដីស្រឡាញ់របស់ព្រះបានពេញខ្នាតនៅក្នុងអ្នកនោះ។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គ ដោយសារសេចក្ដីនេះ គឺអ្នកណាដែលពោលថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចព្រះអង្គដែរ។