ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
ឯព្រះ ផ្លូវរបស់ព្រះអង្គគ្រប់លក្ខណ៍ ព្រះបន្ទូលនៃព្រះយេហូវ៉ានោះពិតហើយ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។
ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។
ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
អ្នកណាដែលបានប្រាជ្ញា ជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្ដីល្អ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ចូរស្តាប់ដំបូន្មាន ហើយទទួលប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។ នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮដំណឹងនេះ យើងក៏អធិស្ឋានឥតឈប់ឈរ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យរបស់ព្រះ ដោយគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
នេះហើយព្រះ គឺព្រះអង្គជាព្រះរបស់យើង អស់កល្បជានិច្ច ព្រះអង្គនឹងធ្វើជាអ្នកនាំមុខយើង ជារៀងរហូតតទៅ។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
តើមានអ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ាឬទេ? ព្រះអង្គនឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។
ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះដែរ ហើយចៀមទាំងនោះមកតាមខ្ញុំ។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ របស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
គំនិតរបស់មនុស្សឧស្សាហ៍ នាំឲ្យបានបរិបូរឡើងតែម៉្យាង តែអស់អ្នកណាដែលមានចិត្តរលះរលាំង នោះនឹងបានតែសេចក្ដីខ្វះខាតវិញ។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។ សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
យើងនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវមួយដែលគេមិនស្គាល់ យើងនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ យើងនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលយើងនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ។
មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ ព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។
មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។
ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯង បានត្រឹមត្រូវចុះ ។
ដ្បិតព្រះអង្គជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ សូមនាំ ហើយតម្រង់ផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។
ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នក ជាអ្នកដែលបង្រៀនឲ្យអ្នកបានទទួលប្រយោជន៍ ហើយក៏នាំអ្នកទៅក្នុងផ្លូវដែលអ្នកគួរដើរ។
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។
យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។
ពេលព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលព្រះអង្គឮ ហើយនឹងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមក។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ព្រះអង្គនាំមនុស្សសុភាព ឲ្យប្រព្រឹត្តតាមមាគ៌ាដ៏ត្រឹមត្រូវ ហើយបង្រៀនមនុស្សរាបសារ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ។
ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។
ទីណាគ្មានអ្នកប្រាជ្ញានាំមុខ ប្រជាជន រមែងដួលចុះ តែបើមានអ្នកប្រឹក្សាច្រើន នោះមានសេចក្ដីសុខវិញ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ផ្លូវដើររបស់មនុស្ស ស្រេចលើព្រះយេហូវ៉ា ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស យល់ផ្លូវរបស់ខ្លួនបាន?
ដ្បិតព្រះមិនមែនជាព្រះដែលឥតសណ្ដាប់ទេ គឺជាព្រះនៃសេចក្តីសុខសាន្តវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គកាត់ទោសដល់គេ ព្រោះយើងខ្ញុំរាល់គ្នាគ្មានកម្លាំងនឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងខ្ញុំរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែ ភ្នែកយើងខ្ញុំទន្ទឹងមើលតែព្រះអង្គទេ»។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលតម្រង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ដ្បិតដោយមានការជួយគំនិត ដែលប្រកបដោយប្រាជ្ញា នោះឯងនឹងអាចធ្វើសឹកសង្គ្រាមបាន ហើយដោយមានអ្នកប្រឹក្សាជាច្រើននោះ ទើបបានជ័យជម្នះ។
ព្រះអង្គមានព្រះបន្ទូលថា៖ «វត្តមានរបស់យើងនឹងទៅជាមួយអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។