ពេលអ្នកមានអារម្មណ៍ថាខ្លួនឯងហេវហត់ ព្រះយេស៊ូវនឹងកាន់ដៃអ្នក ហើយទ្រង់មិនឲ្យអ្នកដួលឡើយ។ ពេលអ្នកភ្លេចថាខ្លួនឯងជាអ្នកណា សេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះនឹងរំលឹកអ្នកជានិច្ចថាអ្នកមានតម្លៃប៉ុណ្ណាចំពោះទ្រង់។ ពេលអ្នកលែងចង់ដើរទៅមុខទៀត ព្រះវិញ្ញាណបរិសុទ្ធនឹងនៅក្បែរអ្នក ដើរជាមួយអ្នក។ ពេលអ្នកឯកាក្នុងទីងងឹតនៃយប់ អ្នកនឹងឮព្រះវរបិតានៅស្ថានសួគ៌មានបន្ទូលម្ដងហើយម្ដងទៀតថាទ្រង់គង់នៅជាមួយអ្នក ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មិនបោះបង់ចោលអ្នកឡើយ ហើយអ្នកអាចមានទំនុកចិត្តទាំងស្រុងលើព្រះបន្ទូលរបស់ទ្រង់ ព្រោះទ្រង់មិនដែលកុហកឡើយ។
ព្រះចង់ឲ្យអ្នកក្រោកឡើងថ្ងៃនេះ ហើយមើលឃើញថាជីវិតស្អាតប៉ុណ្ណា សង្កេតមើលថាទ្រង់បានបង្កើតទេសភាពដ៏ស្រស់ស្អាតសម្រាប់អ្នក ហើយរីករាយនឹងសំឡេងសត្វស្លាប។ កុំអស់សង្ឃឹមទៀតអី អ្នកមានអ្នកដែលស្រឡាញ់អ្នកយ៉ាងខ្លាំង។ ដូច្នេះ ចូរបោះបង់ចោលភាពអស់សង្ឃឹម ស្រមៃឡើងវិញ ហើយដកដង្ហើមឲ្យជ្រៅ។ អ្នកមិនបានកើតមកដើម្បីចុះចាញ់ ឬបោះបង់ក្ដីស្រមៃរបស់អ្នកឡើយ។
ចូរអនុញ្ញាតឲ្យព្រះដឹកនាំជីវិតអ្នក ហើយអ្នកនឹងទទួលបានជោគជ័យ។ ចូរអនុញ្ញាតឲ្យទ្រង់ព្យាបាលរបួសរបស់អ្នក ហើយអ្នកនឹងក្លាយជាមនុស្សថ្មី។ ព្រះយេស៊ូវចង់ឲ្យអ្នកស្គាល់ទ្រង់ជាអ្នកដែលមិនស្គាល់ពាក្យថាមិនអាចធ្វើបាន។ នៅក្នុងទ្រង់ អ្វីៗទាំងអស់ត្រូវបានបង្កើតថ្មី ប្រែក្លាយ ហើយអាចកើតឡើងបាន។ ប្រសិនបើអ្នកកំពុងជួបប្រទះនឹងជំងឺ ឈាមរបស់ព្រះយេស៊ូវនឹងព្យាបាលអ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាអាពាហ៍ពិពាហ៍របស់អ្នកបានបែកបាក់ នៅក្នុងព្រះយេស៊ូវ អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងវីញ។ ទ្រង់ប្រទានការគោរពប្រតិបត្តិដល់កូនៗ និងសន្តិភាពដែលគ្រួសារត្រូវការ។
ដោយសារតែស្ថានភាពដែលអ្នកកំពុងជួបប្រទះ កុំបាត់បង់ជំនឿថាអ្នកនឹងឃើញព្រះអាទិត្យរះម្ដងទៀត។ គ្រាន់តែជឿ ជឿ ហើយបន្តសម្លឹងមើលព្រះដែលជាប្រភពនៃជ័យជំនះរបស់អ្នក។ អ្នកមានផ្លូវដ៏វែងឆ្ងាយដែលត្រូវធ្វើដំណើរ មិនយូរប៉ុន្មានទេ អ្នកនឹងទៅដល់គោលដៅ។ ស្រមៃមើលពីអារម្មណ៍ពេញចិត្តនៅពេលអ្នកសម្រេចបាននូវអ្វីដែលអ្នកចង់បាន ហើយកុំឲ្យខ្លួនឯងរវើរវាយ។ ភីលីព ៤:១៣ «ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់ ដោយសារព្រះគ្រីស្ទដែលផ្ដល់កម្លាំងដល់ខ្ញុំ»។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។ ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។ ព្រះយេហូវ៉ាជាកម្លាំងនៃប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជាទីពួនជ្រកដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ ជាកម្លាំងខ្ញុំ ព្រះអង្គនឹងធ្វើឲ្យជើងខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសម្រាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ព្រះយេហូវ៉ាប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះយេហូវ៉ាប្រោសប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គមានសន្ដិភាព។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំសម្លឹងមើលទៅព្រះអង្គ ដ្បិត ឱព្រះអើយ ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
ព្រះយេហូវ៉ាល្អ ព្រះអង្គជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកព្រះអង្គជាទីពឹង។
ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
គេចង់ធ្វើជាគ្រូខាងក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬសេចក្ដីដែលគេប្រកាន់យកនោះផង។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ទូលបង្គំសូមថ្វាយព្រះពរព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ ចិត្តទូលបង្គំដាស់តឿនទូលបង្គំនៅពេលយប់។ ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ ដ្បិតកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះឡើយ។ ហេតុនេះ ចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងអំពើស្មោកគ្រោក និងអំពើគម្រក់ទាំងប៉ុន្មានចេញ ដ្បិតព្រះបន្ទូលនោះអាចនឹងសង្គ្រោះព្រលឹងអ្នករាល់គ្នា។ ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។ ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែឆ្លុះមើល រួចចេញបាត់ទៅ ទាំងភ្លេចពីរូបភាពរបស់ខ្លួនជាយ៉ាងណាភ្លាម។ រីឯអ្នកដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយជាប់ចិត្ត ឥតមានភ្លេចនឹងសេចក្ដីដែលស្តាប់ គឺប្រព្រឹត្តតាម អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងកិច្ចការដែលខ្លួនធ្វើជាមិនខាន។ ប្រសិនបើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួន អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួន ហើយសាសនារបស់អ្នកនោះឥតប្រយោជន៍ទទេ។ សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។ ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។ ចូរទុកឲ្យចិត្តអំណត់នោះ បានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ! អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
នេះហើយជាសេចក្ដីកម្សាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលព្រះអង្គប្រទាន ឲ្យទូលបង្គំមានជីវិត។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។ ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ ទូលបង្គំមើលមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមទៀតដែរ។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង! សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ! រីឯអស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្តម!» រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ! ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន? ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ហើយព្រះអង្គជាជំនួយរបស់ខ្ញុំ ខ្ញុំនឹងឃើញជ័យជម្នះឈ្នះលើ អស់អ្នកដែលស្អប់ខ្ញុំ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។
មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង!
សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ
ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉្យាងដ៏ល្អិត នោះអ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា "ចូររើចេញពីទីនេះ ទៅទីនោះទៅ!" នោះវានឹងរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះឡើយ។
ព្រះអង្គបានព័ទ្ធទូលបង្គំជិត ពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។
ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា!
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។
ដ្បិតព្រះយេហូវ៉ានឹងបានជាទីទុកចិត្តដល់ឯង ព្រះអង្គនឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសម្រេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង»។
ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ពួកស្ងួនភ្ងាអើយ កុំឲ្យប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចម្លែកកើតឡើងដល់អ្នករាល់គ្នាឡើយ។ ប៉ុន្តែ ចូរអរសប្បាយវិញ ដោយព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអរ និងរីករាយជាខ្លាំង នៅពេលសិរីល្អរបស់ព្រះអង្គលេចមក។
ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ!
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក
សូមព្រះប្រទានឲ្យអ្នករាល់គ្នាមានចិត្តរឹងប៉ឹងដោយបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះ ជាព្រះវរបិតារបស់យើង ក្នុងពេលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងយាងមក ជាមួយពួកបរិសុទ្ធទាំងអស់របស់ព្រះអង្គ។
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
ព្រះយេហូវ៉ា ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។
ហើយអ្វីក៏ដោយដែលយើងទូលសូមពីព្រះអង្គ នោះយើងនឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ហើយប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ព្រះចេស្តារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីល្អ និងសេចក្ដីល្អរបស់ព្រះអង្គ
ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់ តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន របស់មនុស្សសុចរិតវិញ។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ ខ្មាំងសត្រូវរបស់ទូលបង្គំ និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង!
គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ព្រលឹងខ្ញុំមុខជាបានទៅនៅ ក្នុងស្ថានស្ងាត់ឈឹងភ្លាមមិនខាន។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
ព្រះយេស៊ូវបែរទៅក្រោយ ហើយឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរសង្ឃឹមឡើង ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ»។ ស្ត្រីនោះក៏បានជាសះស្បើយភ្លាមមួយរំពេច។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាឡើយ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។ យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គសម្តែងឲ្យយើងខ្ញុំស្គាល់ព្រះអង្គ តែមិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមកនោះវិញ។ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ក្នុងកាលដែលខ្ញុំនៅជាមួយគ្នានៅឡើយ។ ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។ ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា "ខ្ញុំនឹងចេញទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ"។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកត្រូវមានអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាធំលើសជាងខ្ញុំ។ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។
ដូច្នេះ សូមព្រះអង្គសព្វព្រះហឫទ័យ និងប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះព្រះអង្គជារៀងរហូត ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានសន្យាហើយ ដូច្នេះ ដោយសារព្រះពរព្រះអង្គ នោះពូជពង្សរបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ នឹងបានពរនៅអស់កល្បជានិច្ច»។
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គប្រទានពរមនុស្សសុចរិត ព្រះអង្គគ្របបាំងអ្នកទាំងនោះជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។
ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។