អារម្មណ៍ពិតជារំភើបណាស់ពេលឃើញផលនៃការខិតខំប្រឹងប្រែង! គ្មានអ្វីអាចប្រៀបផ្ទឹមនឹងអំណរនៃការសម្រេចគោលដៅបានទេ ទោះបីជាត្រូវលះបង់ ស្រក់ទឹកភ្នែក និងយប់មិនបានគេងក៏ដោយ។ អ្វីៗទាំងអស់នឹងរលាយបាត់ទៅពេលដែលឃើញផ្លែផ្កានៃការតស៊ូ និងការប្ដេជ្ញាចិត្ត។ នៅពេលនោះឯងដែលយើងដឹងថាយើងបានប្រើប្រាស់ពេលវេលាបានយ៉ាងល្អ រាល់វិនាទីបាននាំយើងទៅដល់កំពូលភ្នំនៃភាពជោគជ័យ។
ពិធីបញ្ចប់ការសិក្សាគឺជាពេលវេលាដ៏មានអត្ថន័យបំផុតមួយក្នុងជីវិត។ អារម្មណ៍ពោរពេញទៅដោយសេចក្ដីរំភើប ទាំងអំណរ និងទឹកភ្នែក ដែលឆ្លុះបញ្ចាំងពីការខិតខំ និងការគាំទ្រដែលយើងទទួលបាន។ នៅពេលនេះ យើងចង់ថ្លែងអំណរគុណដល់អ្នកដែលនៅជាមួយយើងតាំងពីដើមដំបូងមក៖ ក្រុមគ្រួសារ ដែលជឿជាក់លើយើង និងមិត្តភក្តិ ដែលលើកទឹកចិត្តយើងមិនឲ្យចុះចាញ់។ នេះជាពេលវេលាដើម្បីថ្លែងអំណរគុណ និងគោរពដល់ពួកគេដោយអនុញ្ញាតឲ្យពួកគេចូលរួមអបអរជាមួយយើងនៅក្នុងដំណាក់កាលដ៏សំខាន់នេះ។
ចូរអបអរ រីករាយ និងថ្លែងអំណរគុណដល់ព្រះជាម្ចាស់ដែលបាននាំយើងមកដល់ចំណុចនេះ។ ចូរធ្វើឲ្យពេលវេលានេះក្លាយជាអនុស្សាវរីយ៍ដ៏ថ្លៃថ្លា និងគួរឲ្យកោតសរសើរ។ សូមអបអរសាទរ!
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ! អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ របស់យើងទាំងប៉ុន្មាន យ៉ាងនោះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។ កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង!
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ
មនុស្សអាក្រក់រត់ក្នុងកាលដែល គ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះយេហូវ៉ាជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត ចូរយើងមានអំណរ ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា! ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។ ទូលបង្គំយល់ដឹងជាងមនុស្សចាស់ ដ្បិតទូលបង្គំប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំបានបង្ខាំងជើង ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់ ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។ ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎ គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត! ទូលបង្គំមានយោបល់ដោយសារ ព្រះឱវាទរបស់ព្រះអង្គ ហេតុនេះហើយបានជាទូលបង្គំ ស្អប់ដល់អស់ទាំងផ្លូវភូតភរ។ ៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។ ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតរបស់ព្រះអង្គ។ ទូលបង្គំមានទុក្ខព្រួយខ្លាំងណាស់ ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង! ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។ ជីវិតទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។ មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមត៌ករបស់ទូលបង្គំជាដរាប ដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។ ទូលបង្គំដាក់ចិត្តដើម្បីធ្វើតាមច្បាប់ របស់ព្រះអង្គជាដរាប រហូតដល់ចុងបំផុត។ ៙ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។ សូមទ្រទ្រង់ទូលបង្គំតាម ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ! សូមធ្វើជាបង្អែករបស់ទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ ហើយបានគោរពរាប់អានច្បាប់ របស់ព្រះអង្គជានិច្ច! ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញ ពីច្បាប់របស់ព្រះអង្គ ដ្បិតឧបាយកលរបស់គេ ជាសេចក្ដីឥតប្រយោជន៍។ ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គមានពរ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង! រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។ ៙ ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក ដែលសង្កត់សង្កិនឡើយ។ សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។ ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។ សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ផង ដើម្បីឲ្យទូលបង្គំបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ! នេះជាពេលដែលព្រះយេហូវ៉ា ចាត់វិធានការហើយ ដ្បិតគេបានប្រព្រឹត្តល្មើស នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ហេតុនេះ ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។ ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។ ៙ សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ ហេតុនេះហើយបានជាព្រលឹងទូលបង្គំ ប្រតិបត្តិតាម។ បបូរមាត់ទូលបង្គំប្រកាសពីគ្រប់ទាំងវិន័យ ដែលចេញមកពីព្រះឧស្ឋរបស់ព្រះអង្គ។ ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទូលបង្គំហាមាត់ ដកដង្ហើមធំ ព្រោះទូលបង្គំចង់បានបទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។ សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។ សូមលោះទូលបង្គំឲ្យរួចពី ការសង្កត់សង្កិនរបស់មនុស្ស ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង។ ទឹកភ្នែកទូលបង្គំហូររហាម ព្រោះគេមិនប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ។ ៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។ ព្រះអង្គបានតាំងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដោយសេចក្ដីសុចរិត និងដោយសេចក្ដីស្មោះត្រង់ទាំងអស់។ ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង ព្រោះបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំរីករាយនឹងផ្លូវប្រព្រឹត្ត តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាទូលបង្គំរីករាយ នឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រិតសម្រាំងយ៉ាងល្អ ហើយអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយ ប៉ុន្តែ ទូលបង្គំមិនភ្លេចព្រះឱវាទ របស់ព្រះអង្គឡើយ។ សេចក្ដីសុចរិតរបស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ ទុក្ខលំបាក និងភាពតានតឹង បានគ្របសង្កត់ទូលបង្គំ តែបទបញ្ជារបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។ ៙ ទូលបង្គំស្រែករកព្រះអង្គយ៉ាងអស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ ទូលបង្គំអំពាវនាវរកព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ។ ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង ហើយស្រែករកជំនួយ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ភ្នែកទូលបង្គំមិនបានលង់លក់ នៅអស់ទាំងយាមយប់ ដើម្បីឲ្យទូលបង្គំបានសញ្ជឹងគិត អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមស្តាប់សំឡេងទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។ ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀនទូលបង្គំ ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ របស់ព្រះអង្គ។ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតត្រង់។ តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានតាំងសេចក្ដីទាំងនោះមក ឲ្យនៅអស់កល្បជានិច្ច។ ៙ សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គទេ។ សូមការពាររឿងក្ដីរបស់ទូលបង្គំ ហើយលោះទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់ ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គធំវិសេសណាស់ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀន ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។ ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើម ព្រោះគេមិនប្រតិបត្តិតាម ព្រះបន្ទូលរបស់ព្រះអង្គទេ។ សូមទតមើលថា ទូលបង្គំស្រឡាញ់ ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា! ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំ មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស របស់ព្រះអង្គ។ ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ ពួកអ្នកធំបានបៀតបៀន ទូលបង្គំដោយឥតហេតុ ប៉ុន្តែ ចិត្តទូលបង្គំស្ញប់ស្ញែងនឹងព្រះបន្ទូល របស់ព្រះអង្គ។ ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រៀបដូចជាមនុស្សដែលប្រទះ នឹងរបឹបដ៏មានតម្លៃ។ ទូលបង្គំស្អប់ ហើយខ្ពើមពាក្យភូតភរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំសរសើរតម្កើងព្រះអង្គ មួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ការសង្គ្រោះរបស់ព្រះអង្គ ហើយទូលបង្គំប្រព្រឹត្តតាម បទបញ្ជារបស់ព្រះអង្គ។ ព្រលឹងទូលបង្គំប្រតិបត្តិតាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់នោះ យ៉ាងក្រៃលែង។ ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ តាមព្រះបន្ទូលរបស់ព្រះអង្គផង! ៙ សូមប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ បានប្រកបដោយគុណ ដើម្បីឲ្យទូលបង្គំបានរស់នៅ ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមឲ្យពាក្យអង្វររបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ បបូរមាត់ទូលបង្គំនឹងហូរចេញជាពាក្យសរសើរ ដ្បិតព្រះអង្គបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ អណ្ដាតទូលបង្គំនឹងច្រៀង អំពីព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ សុទ្ធតែសុចរិតទាំងអស់។ សូមឲ្យព្រះហស្តរបស់ព្រះអង្គ បានប្រុងប្រៀបនឹងជួយទូលបង្គំ ដ្បិតទូលបង្គំបានជ្រើសរើសយក ព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ សូមឲ្យព្រលឹងទូលបង្គំរស់នៅ ហើយសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យវិន័យរបស់ព្រះអង្គ ជួយទូលបង្គំផង។ ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ បណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ! មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុក នៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចម្រូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
មិនមែនថា ខ្លួនយើងផ្ទាល់ យើងមានសមត្ថភាពនឹងចាត់ទុកអ្វីមួយថាចេញពីខ្លួនយើងឡើយ តែសមត្ថភាពរបស់យើងមកពីព្រះ
ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាខែលបាំងទូលបង្គំជុំវិញ ជាសិរីល្អរបស់ទូលបង្គំ ហើយជាអ្នកធ្វើឲ្យទូលបង្គំងើបក្បាលឡើង។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។
ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។
ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។
អ្នកដែលដាំ និងអ្នកដែលស្រោចទឹក មានគោលដៅតែមួយដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមការដែលខ្លួនបានធ្វើ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។ ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
"សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។