មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គហើយ ដោយការជ្រមុជទៅក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អរបស់ព្រះវរបិតាដែរ។
យើងនឹងឲ្យអ្នកមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងអ្នកដែរ យើងនឹងដកចិត្តដែលរឹងដូចថ្មចេញពីរូបសាច់អ្នក ហើយឲ្យមានចិត្តជាសាច់វិញ។
ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ប៉ុន្តែ ដែលខ្ញុំជាយ៉ាងណាសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត ប៉ុន្តែ មិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំវិញ។
ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។
គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។
គឺអ្នកណាដែលពោលថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចព្រះអង្គដែរ។
តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ព្រះអង្គ អ្នករាល់គ្នាបានផលជាសេចក្ដីបរិសុទ្ធ ហើយចុងបំផុតគឺជីវិតអស់កល្បជានិច្ច។
ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។ ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាកូនច្បង ក្នុងចំណោមបងប្អូនជាច្រើន។
ចូរនៅជាប់នឹងខ្ញុំ ដូចជាខ្ញុំនៅជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាមែក បើមិននៅជាប់នឹងដើម នោះមិនអាចនឹងបង្កើតផលបានទេ អ្នករាល់គ្នាក៏ដូច្នោះដែរ ទាល់តែនៅជាប់នឹងខ្ញុំ។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។
ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។
តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ គឺស្លាប់ខាងឯការដែលបានឃុំឃាំងយើង ដើម្បីឲ្យយើងគោរពបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណវិញ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។
ដ្បិតព្រះអង្គបានប្រោសអស់អ្នកដែលបានញែកជាបរិសុទ្ធ ឲ្យបានគ្រប់លក្ខណ៍ជារៀងរហូត ដោយសារតង្វាយតែមួយគត់។
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។
ចូរទុកឲ្យចិត្តអំណត់នោះ បានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ដោយមានសេចក្តីសន្យាទាំងនេះ ចូរយើងសម្អាតខ្លួនពីគ្រប់ទាំងសេចក្តីស្មោកគ្រោកខាងសាច់ឈាម និងខាងវិញ្ញាណចេញ ទាំងខំឲ្យបានបរិសុទ្ធទាំងស្រុង ដោយកោតខ្លាចដល់ព្រះ។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។
ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ!
តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។
ព្រះសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីអំពើសហាយស្មន់
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ប៉ុន្តែ ដោយព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា អ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងព្រះវិញ្ញាណវិញ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ព្រះអង្គទេ។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។
ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "មនុស្សមិនមែនរស់ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ"» ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ
អស់អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាម ព្រមទាំងតណ្ហា និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗរបស់សាច់ឈាមនោះចោលហើយ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ
កូនចៅអើយ ដោយព្រោះអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀត ដូចស្ត្រីហៀបនឹងសម្រាលកូន រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា។
សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនដូចជាបានស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះវិញ នៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ដ្បិតការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺ ការកើតជាថ្មី។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ យើងមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺការអត់ទោសឲ្យរួចពីបាប។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់លោកជាប្រាកដថា បើមិនបានកើតជាថ្មី គ្មានអ្នកណាអាចឃើញព្រះរាជ្យរបស់ព្រះបានឡើយ»។
ព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ ជាព្រះបន្ទូលរបស់ព្រះដែលរស់នៅ ហើយស្ថិតស្ថេរ។
ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាកូនច្បង ក្នុងចំណោមបងប្អូនជាច្រើន។
យើងទាំងអស់គ្នា ដែលគ្មានស្បៃបាំងមុខ កំពុងតែរំពឹងមើលសិរីល្អរបស់ព្រះអម្ចាស់ ដូចជារូបឆ្លុះនៅក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អមួយ ទៅសិរីល្អមួយ ដ្បិតនេះមកពីព្រះអម្ចាស់ ដែលជាព្រះវិញ្ញាណ។
ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
ពីដើមអ្នករាល់គ្នាខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ តែព្រះបានលាងសម្អាតអ្នករាល់គ្នា បានញែកអ្នករាល់គ្នាជាបរិសុទ្ធ បានរាប់អ្នករាល់គ្នាជាសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដោយសារព្រះវិញ្ញាណនៃព្រះរបស់យើងរួចហើយ។
អស់ទាំងមែកណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ ព្រះអង្គកាត់ចោល តែអស់ទាំងមែកណាដែលបង្កើតផលផ្លែ ព្រះអង្គលួសមែកនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង។
អ្នករាល់គ្នាកុំនឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីកិច្ចការទាំងប៉ុន្មានពីដើមនោះ មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត
ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង ព្រោះយើងជឿច្បាស់ថា បើមនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ នោះឈ្មោះថា មនុស្សទាំងអស់បានស្លាប់ហើយ។ ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលរស់នៅ លែងរស់សម្រាប់តែខ្លួនឯងទៀត គឺរស់សម្រាប់ព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ
បន្ទាប់មក ព្រះយេស៊ូវប្រាប់ពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យគេលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។ ដ្បិតមានចែងទុកមកថា៖ «អ្នករាល់គ្នាត្រូវបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ» ។
អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ព្រះអង្គ អ្នកនោះតែងជម្រះខ្លួនឲ្យបានស្អាត ដូចព្រះអង្គដែលស្អាតដែរ។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។ ដ្បិតបើគុណសម្បត្តិទាំងនេះមានក្នុងចិត្តអ្នករាល់គ្នា ហើយចម្រើនឡើង គុណសម្បត្តិទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាមានសកម្មភាព និងបង្កើតផលខាងឯការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជាពិត។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ តែការទាំងអស់បានលាតត្រដាងឲ្យឃើញច្បាស់ ដោយសារពន្លឺ ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។ ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
ដូច្នេះ ដោយព្រោះព្រះគ្រីស្ទបានរងទុក្ខខាងសាច់ឈាម នោះត្រូវឲ្យអ្នករាល់គ្នាប្រដាប់ខ្លួនដោយគំនិតដូច្នោះដែរ ដ្បិតអ្នកណាដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះបានឈប់ពីអំពើបាបហើយ ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។ អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ពួកស្ងួនភ្ងាអើយ កុំឲ្យប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចម្លែកកើតឡើងដល់អ្នករាល់គ្នាឡើយ។ ប៉ុន្តែ ចូរអរសប្បាយវិញ ដោយព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអរ និងរីករាយជាខ្លាំង នៅពេលសិរីល្អរបស់ព្រះអង្គលេចមក។ ប្រសិនបើអ្នករាល់គ្នាត្រូវគេតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់រងទុក្ខ ដោយព្រោះសម្លាប់គេ លួចគេ ធ្វើការអាក្រក់ ឬចូលដៃក្នុងរឿងរបស់អ្នកដទៃឡើយ។ ប៉ុន្ដែ បើអ្នកណាម្នាក់រងទុក្ខក្នុងនាមជាគ្រីស្ទបរិស័ទ នោះមិនត្រូវខ្មាសឡើយ ចូរសរសើរតម្កើងដល់ព្រះ ដោយព្រោះនាមនោះវិញ។ ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា? ហើយ «បើមនុស្សសុចរិតបានសង្រ្គោះទាំងពិបាកទៅហើយ តើមនុស្សទមិឡល្មើស និងមនុស្សបាប នោះនឹងទៅជាយ៉ាងណា?» ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។ ដើម្បីកុំឲ្យបង់ពេលដែលនៅសល់ ហើយរស់នៅខាងសាច់ឈាម តាមតែសេចក្តីប៉ងប្រាថ្នារបស់មនុស្សទៀត គឺតាមព្រះហឫទ័យរបស់ព្រះវិញ។