ពេលខ្លះយើងមិនសូវបានគិតពីការលំបាក និងការខិតខំរបស់គ្រូគង្វាល ដែលលោកបានខំប្រឹងប្រែងដើម្បីជួយយើងឲ្យរឹងមាំនៅក្នុងជំនឿឡើយ។ ត្រូវចាំថាការងារនេះជាការទទួលខុសត្រូវដ៏ធំមួយនៅចំពោះព្រះ និងចំពោះយើងទាំងអស់គ្នា។
សូមឲ្យយើងបង្ហាញក្ដីស្រឡាញ់ចំពោះលោកគ្រូគង្វាល ដែលព្រះបានជ្រើសរើសដើម្បីចែករំលែកព្រះបន្ទូលរបស់ទ្រង់មកកាន់យើង ដែលជាអ្នកដឹកនាំយើងឲ្យរកឃើញព្រះ និងចិញ្ចឹមជំនឿរបស់យើងជារៀងរាល់សប្ដាហ៍។
ដូចមនុស្សទូទៅដែរ លោកគ្រូគង្វាលក៏មានកំហុសឆ្គងដែរ ដូច្នេះសូមឲ្យយើងអត់ឱនឲ្យលោក ហើយគោរពលោកជានិច្ច ព្រោះលោកគឺជាទេវតាដែលព្រះបានចាត់ឲ្យមកបង្រៀនយើងអំពីផ្លូវរបស់ទ្រង់។ ចូរយើងថ្លែងអំណរគុណដល់ព្រះជានិច្ចចំពោះជីវិតរបស់លោក និងអធិស្ឋានសម្រាប់លោក និងក្រុមគ្រួសាររបស់លោក។ នេះជាវិធីដ៏ល្អបំផុតដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ និងការដឹងគុណរបស់យើង។
ពាក្យលើកទឹកចិត្ត និងការដឹងគុណពីយើង ពិតជាធ្វើឲ្យលោកគ្រូគង្វាលមានកម្លាំងចិត្ត និងអំណរជាខ្លាំង។ ដូចដែលបទគម្ពីររ៉ូម ១៥:១៣ បានចែងថា «សូមឲ្យព្រះដ៏ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រទានឲ្យអ្នករាល់គ្នាពោរពេញទៅដោយសេចក្ដីអំណរ និងសេចក្ដីសុខសាន្ត ដោយសារជំនឿរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមជាបរិបូរណ៍ ដោយឫទ្ធានុភាពនៃព្រះវិញ្ញាណបរិសុទ្ធ»។
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។
ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំ តាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់អ្នកទាំងអស់គ្នា ព្រោះមានគេប្រកាសពីជំនឿរបស់អ្នករាល់គ្នា នៅពាសពេញពិភពលោក។
ការសង្គ្រោះជារបស់ព្រះយេហូវ៉ា សូមព្រះអង្គប្រទានពរប្រជារាស្ត្រ របស់ព្រះអង្គផង! -បង្អង់
សូមព្រះយេហូវ៉ាប្រទានពរអ្នកពីក្រុងស៊ីយ៉ូន! សូមឲ្យអ្នកបានឃើញភាពចម្រុងចម្រើន របស់ក្រុងយេរូសាឡិម អស់មួយជីវិតរបស់អ្នក!សូមឲ្យអ្នកបានឃើញចៅរបស់អ្នកដែរ! សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល!
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ប្អូនអើយ ខ្ញុំពិតជាបានទទួលអំណរ និងការលើកចិត្តជាខ្លាំង ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ព្រោះចិត្តរបស់ពួកបរិសុទ្ធបានធូរស្បើយដោយសារអ្នក។
ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
យើងតែងតែអរព្រះគុណព្រះជានិច្ចសម្រាប់អ្នករាល់គ្នា ហើយតំណាលពីអ្នករាល់គ្នា នៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ចដោយនឹកចាំនៅចំពោះព្រះជាព្រះវរបិតារបស់យើង ពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ពីការនឿយហត់ដែលអ្នករាល់គ្នាធ្វើដោយសេចក្ដីស្រឡាញ់ និងពីសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួនដែលអ្នករាល់គ្នាមាន ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
"សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នកសូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នកសូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នាចូររាប់អានអ្នកទាំងនោះឲ្យខ្ពស់ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះកិច្ចការរបស់គេ។ ចូរឲ្យបានសុខសាន្តជាមួយគ្នា។
កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។
ព្រះអង្គនឹងប្រទានពរអស់អ្នក ដែលកោតខ្លាចព្រះយេហូវ៉ា ទាំងអ្នកតូច ទាំងអ្នកធំ។
ពេលគេបរិភោគរួចហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូន-ពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យចំណីកូនចៀមរបស់ខ្ញុំផង!»។
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។
ព្រះអង្គបានតែងតាំងដប់ពីររូប ដែលព្រះអង្គហៅថាសាវក ឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យចេញទៅប្រកាស
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន
ចាស់ទុំណាដែលនាំមុខបានល្អ ត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្តិយសទ្វេដង ជាពិសេសអស់អ្នកដែលនឿយហត់នឹងប្រកាសព្រះបន្ទូល និងបង្រៀន។
តើយើងអាចនឹងអរព្រះគុណដល់ព្រះដូចម្តេច ឲ្យស្មើនឹងអំណរដែលយើងមាននៅចំពោះព្រះនៃយើង ដោយព្រោះអ្នករាល់គ្នា?
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នាទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។
សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚
ពេលអធិស្ឋានឲ្យអ្នករាល់គ្នា យើងខ្ញុំតែងអរព្រះគុណដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជានិច្ចដ្បិតយើងខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាដល់ព្រះគ្រីស្ទយេស៊ូវ និងអំពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់
រីឯព្រះអម្ចាស់វិញក៏បង្គាប់ដូចគ្នាថា អស់អ្នកដែលប្រកាសដំណឹងល្អ ត្រូវចិញ្ចឹមជីវិតដោយសារដំណឹងល្អ។
ដោយហេតុនេះ កាលខ្ញុំបានឮពីជំនឿរបស់អ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវ និងពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា ដល់ពួកបរិសុទ្ធទាំងអស់នោះខ្ញុំមិនដែលលែងអរព្រះគុណសម្រាប់អ្នករាល់គ្នាឡើយ ពេលខ្ញុំនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ។សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។
គឺដូចជាព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះអង្គដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំដើម្បីចៀម។
ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ ដែលថ្មដានៃការសង្គ្រោះរបស់យើង!យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។ហេតុនេះ យើងបានស្បថទាំងកំហឹង របស់យើងថា «ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក របស់យើងឡើយ»។ចូរយើងនាំគ្នាចូលមកចំពោះព្រះវត្តមានព្រះអង្គ ដោយអរព្រះគុណ ចូរយើងបន្លឺសំឡេងថ្វាយព្រះអង្គ ដោយបទសរសើរ!
៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ! ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ!
យើងនឹងឲ្យអ្នករាល់គ្នាមានអ្នកគ្រប់គ្រងដែលគាប់ចិត្តយើង ជាអ្នកដែលឃ្វាលអ្នករាល់គ្នាដោយតម្រិះ និងយោបល់»។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។សម្រាប់ការនេះ ខ្ញុំខំធ្វើការនឿយហត់ ទាំងតយុទ្ធតាមឫទ្ធិបារមីរបស់ព្រះអង្គ ដែលធ្វើការក្នុងខ្ញុំប្រកបដោយចេស្ដា។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នាទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ចដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។
ព្រះយេហូវ៉ាជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញមិនមែនដោយប្រើអំណាចជិះជាន់អស់អ្នកដែលនៅជាមួយអ្នករាល់គ្នានោះទេ គឺធ្វើជាគំរូដល់ហ្វូងចៀមវិញ។ពេលមេគង្វាលលេចមក អ្នករាល់គ្នានឹងទទួលមកុដដ៏រុងរឿង ដែលមិនចេះស្រពោន។
ពេលនោះ ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ។ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។ត្រូវឲ្យអ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់កូន តែបើរឿងតូចតាច ត្រូវឲ្យគេកាត់ក្ដីដោយខ្លួនគេទៅ។ ធ្វើដូច្នោះកូននឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងជួយរំលែកបន្ទុករបស់កូន។
អ្នកណាទទួលហោរា ក្នុងនាមជាហោរា អ្នកនោះនឹងទទួលរង្វាន់របស់ហោរា ហើយអ្នកណាទទួលមនុស្សសុចរិត ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់របស់មនុស្សសុចរិតនោះ។
ប្រយោជន៍ឲ្យខ្ញុំបានមកជួបអ្នករាល់គ្នាដោយអំណរ ដោយព្រះហឫទ័យរបស់ព្រះ និងបានសម្រាកជាមួយអ្នករាល់គ្នា។
ដ្បិតការប្រមូលជំនួយនេះ មិនត្រឹមតែផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះ គឺថែមទាំងធ្វើឲ្យមានការអរព្រះគុណដល់ព្រះ កាន់តែចម្រើនហូរហៀរឡើងទៀតផង។តាមរយៈភស្តុតាងនៃការជួយឧបត្ថម្ភនេះ អ្នករាល់គ្នាសរសើរតម្កើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសម្ដែងឲ្យគេឃើញច្បាស់ថា អ្នករាល់គ្នាពិតជាចុះចូលតាមដំណឹងល្អរបស់ព្រះគ្រីស្ទមែន ហើយដោយព្រោះចិត្តសទ្ធាដែលអ្នករាល់គ្នាបានចែកចាយដល់គេ និងដល់មនុស្សដទៃទៀតទាំងអស់
មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!គឺធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់លោកអើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង!ក៏ធៀបដូចជាទឹកសន្សើមនៅលើភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំនៃក្រុងស៊ីយ៉ូន ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យមានព្រះពរ គឺជាជីវិតដែលនៅអស់កល្បជានិច្ច។
ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀនដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង
ពេលអធិស្ឋានឲ្យអ្នករាល់គ្នា យើងខ្ញុំតែងអរព្រះគុណដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជានិច្ចដ្បិតយើងខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាដល់ព្រះគ្រីស្ទយេស៊ូវ និងអំពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់ព្រោះតែសេចក្តីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយ នៅក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំបម្រើដោយមនសិការស្អាតបរិសុទ្ធ ដូចបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ច នៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ទាំងយប់ទាំងថ្ងៃ។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។