ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ហើយបានស្គាល់ទូលបង្គំ។ ក៏គង់តែព្រះហស្តរបស់ព្រះអង្គ នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំរបស់ព្រះអង្គ នឹងក្តាប់ទូលបង្គំជាប់។ ប្រសិនបើទូលបង្គំពោលថា៖ «ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ ហើយពន្លឺដែលនៅជុំវិញខ្ញុំ នឹងត្រឡប់ទៅជាយប់» នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។ ៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។ កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ ក្នុងទីជ្រៅនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គឡើយ។ ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។ ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា! ប្រសិនបើទូលបង្គំខំប្រឹងរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។ ៙ ឱព្រះអើយ សូមទ្រង់ប្រហារមនុស្សអាក្រក់ទៅ! ឱមនុស្សកម្ចាយឈាមអើយ ចូរថយចេញពីខ្ញុំទៅ! ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ និងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។ គេពោលពាក្យអាក្រក់ទាស់នឹងព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ចេញព្រះនាម ព្រះអង្គជាអសារឥតការ! ឱព្រះយេហូវ៉ាអើយ តើទូលបង្គំមិនបានស្អប់អស់អ្នក ដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនបានខ្ពើមអស់អ្នក ដែលលើកគ្នាទាស់នឹងព្រះអង្គទេឬ? ទូលបង្គំស្អប់អ្នកទាំងនោះពេញទីហើយ ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំ។ ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។ ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ និងទីដេកសម្រាករបស់ទូលបង្គំ ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។ ដ្បិត ឱព្រះយេហូវ៉ាអើយ សូម្បីតែពាក្យសម្ដីមិនទាន់មាន នៅអណ្ដាតទូលបង្គំនៅឡើយ នោះព្រះអង្គក៏ជ្រាបគ្រប់ជំពូកទៅហើយ។
គ្មានសត្វលោកណាដែលអាចលាក់ពីព្រះភក្ត្រព្រះអង្គបានឡើយ គឺទាំងអស់នៅជាអាក្រាតចំពោះព្រះនេត្រព្រះអង្គ ដែលយើងត្រូវទូលរៀបរាប់ទូលថ្វាយព្រះអង្គ។
ដ្បិតពេលណាចិត្តរបស់យើងដាក់ទោសយើង នោះព្រះទ្រង់ធំជាងចិត្តរបស់យើងទៅទៀត ហើយទ្រង់ជ្រាបគ្រប់ទាំងអស់។
តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។
ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់ និងល្អផង។
ព្រះអម្ចាស់របស់យើងធំអស្ចារ្យ ហើយមានពេញដោយព្រះចេស្ដា ប្រាជ្ញាញាណរបស់ព្រះអង្គ មិនអាចវាស់ស្ទង់បានឡើយ។
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន! ដ្បិតតើអ្នកណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? ឬតើអ្នកណាបានធ្វើជាអ្នកជួយគំនិតដល់ព្រះអង្គ?
«មុនដែលយើងបានជបបង្កើតអ្នកនៅក្នុងពោះម្តាយ នោះយើងស្គាល់អ្នកហើយ កាលមុនដែលអ្នកសម្រាលចេញពីផ្ទៃមក នោះយើងបានញែកអ្នកជាបរិសុទ្ធផង ក៏បានតាំងអ្នកឡើងជាហោរា ដល់អស់ទាំងសាសន៍»។
តើលោកយល់ពីទម្ងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះ ដ៏មានតម្រិះសព្វគ្រប់ឬទេ?
ព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ព្រះអង្គក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ។
ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ
គឺព្រះយេហូវ៉ា ព្រះអង្គជ្រាបគំនិតរបស់មនុស្ស ថា គេជាមនុស្សដែលនៅតែមួយដង្ហើមប៉ុណ្ណោះ។
ព្រះយេហូវ៉ាសួរដូច្នេះទៀតថា៖ តើមានអ្នកណានឹងពួននៅទីស្ងាត់ណា ដែលយើងមើលមិនឃើញបានឬ? តើយើងមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
រីឯព្រះនេត្ររបស់ព្រះអង្គ បានទតមើលគ្រប់ទាំងផ្លូវរបស់មនុស្ស ក៏ឃើញអស់ទាំងដំណើរដែលគេដើរដែរ
ព្រះយេហូវ៉ាទតមកពីលើស្ថានសួគ៌ ព្រះអង្គឃើញមនុស្សលោកទាំងអស់ ហើយពីព្រះដំណាក់របស់ព្រះអង្គ ព្រះអង្គទតឃើញមនុស្សទាំងអស់ ដែលរស់នៅលើផែនដី គឺព្រះអង្គហើយដែលបង្កើតចិត្ត របស់គេទាំងអស់គ្នា ក៏ពិចារណាមើលអស់ទាំងការ ដែលគេប្រព្រឹត្តដែរ។
ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ ដ្បិតព្រះវិញ្ញាណទតមើលអ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះ។ ដ្បិតតើអ្នកណាស្គាល់គំនិតមនុស្សបាន ក្រៅពីវិញ្ញាណអ្នកនោះដែលនៅក្នុងខ្លួន? ឯព្រះក៏ដូច្នោះដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះ ក្រៅពីព្រះវិញ្ញាណរបស់ព្រះនោះឡើយ។
ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។
គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាថ្លឹងចិត្ត។
ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
នោះតើព្រះមិនទតឃើញទេឬ? ដ្បិតព្រះអង្គជ្រាបពីសេចក្ដី ដែលលាក់ទុកនៅក្នុងចិត្ត។
ឯព្រះអង្គដែលឈ្វេងយល់ចិត្ត ទ្រង់ជ្រាបពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យពួកបរិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះ។
យើងនេះ គឺព្រះយេហូវ៉ា យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ ហើយតាមផលនៃកិរិយារបស់គេ។
ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ និងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។
កុំធ្វើដូចគេឡើយ ដ្បិតព្រះវរបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
តើមានអ្នកណាបង្រៀនចំណេះដល់ព្រះបាន ឃើញហើយថា គឺព្រះអង្គហើយ ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។
ប៉ុន្តែ ព្រះយេស៊ូវមិនទុកចិត្តគេទេ ព្រោះព្រះអង្គស្គាល់មនុស្សទាំងអស់ ហើយព្រះអង្គមិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីអ្នកណាឡើយ ដ្បិតព្រះអង្គជ្រាបពីជម្រៅចិត្តរបស់មនុស្ស។
ហើយមានចែងទៀតថា «ព្រះអម្ចាស់ជ្រាបគំនិតរបស់ពួកអ្នកប្រាជ្ញ ថាជាគំនិតឥតប្រយោជន៍»
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។ គ្មានសត្វលោកណាដែលអាចលាក់ពីព្រះភក្ត្រព្រះអង្គបានឡើយ គឺទាំងអស់នៅជាអាក្រាតចំពោះព្រះនេត្រព្រះអង្គ ដែលយើងត្រូវទូលរៀបរាប់ទូលថ្វាយព្រះអង្គ។
នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។
តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនព្រះអង្គដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា? តើព្រះអង្គបានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ព្រះអង្គ ឬបង្រៀនព្រះអង្គក្នុងផ្លូវយុត្តិធម៌? ឬឲ្យព្រះអង្គមានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ព្រះអង្គ?
ប៉ុន្តែ យើងដឹងកន្លែងដែលអ្នកអង្គុយ និងពេលណាដែលអ្នកចេញចូល ក៏ដឹងទាំងអស់ដែលអ្នកខឹងក្តៅនឹងយើងដែរ។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងទំនាយចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នាបាននិយាយថា យើងស្គាល់អស់ទាំងសេចក្ដីដែលកើតក្នុងគំនិតរបស់អ្នករាល់គ្នាហើយ។
បើអ្នកថា «មើល៍! យើងមិនបានដឹងទេ» តើមិនមែនព្រះអង្គទេ ដែលថ្លឹងមើលចិត្ត និងជ្រាបទាំងអស់? តើមិនមែនព្រះអង្គទេដែលថែរក្សាព្រលឹងអ្នក ក៏ស្គាល់អ្នកច្បាស់? ហើយតើព្រះអង្គមិនសងដល់មនុស្សទាំងឡាយ តាមការដែលគេប្រព្រឹត្តទេឬ?
ដ្បិតភ្នែកយើងមើលឃើញអស់ទាំងផ្លូវរបស់គេ ហើយគេមិនកំបាំងពីមុខយើងទេ ឯអំពើទុច្ចរិតរបស់គេ ក៏មិនបិទបាំងពីភ្នែកយើងដែរ។
ការជ្រាបច្បាស់បែបនេះ អស្ចារ្យពេកសម្រាប់ទូលបង្គំ គឺខ្ពស់ណាស់ ទូលបង្គំមិនអាចយល់បានឡើយ។
ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំ នៅចំពោះព្រះអង្គ ហើយដាក់អំពើបាបដែលយើងខ្ញុំប្រព្រឹត្ត ដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ។
ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង ដោយសារព្រះតម្រិះរបស់ព្រះអង្គ នោះអស់ទាំងទីជម្រៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក
កុំពោលពាក្យអំនួតលើសលុបដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសចេញពីមាត់ឯងឡើយ ព្រោះព្រះយេហូវ៉ាជាព្រះជ្រាបទាំងអស់ គឺព្រះអង្គហើយដែលថ្លឹងអស់ទាំងអំពើ។
ដ្បិតអ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។
យើងស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ ហើយសត្វទាំងឡាយដែលរកស៊ីនៅទីវាល ក៏ជារបស់យើងដែរ។
ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ព្រះអង្គ ចូររកព្រះភក្ត្រព្រះអង្គជានិច្ច ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ គឺពីការចំឡែករបស់ព្រះអង្គ និងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឧស្ឋ របស់ព្រះអង្គមក
គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ឯណា ដែលពួកអ្នកប្រព្រឹត្តការទុច្ចរិត នឹងពួនខ្លួនបានទេ។
គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀមដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ។
វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា៖ តើមានអ្នកណាបានឃើញយើងទេ? តើមានអ្នកណាបានស្គាល់យើងទេ?
៙ តើទូលបង្គំនឹងទៅឯណា ឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់ទៅឯណា ឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន?
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ហើយអត់ទោស ព្រមទាំងសម្រេចការ ដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែព្រះអង្គជ្រាបចិត្តគេ (ដ្បិតគឺព្រះអង្គតែមួយ ដែលជ្រាបចិត្តរបស់មនុស្សលោកទាំងអស់)
ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីសម្ដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់។ ដ្បិតពីនេះទៅមុខ នឹងមានចម្បាំងជានិច្ច»។
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។
ព្រះអង្គចាត់ព្រះរាជបញ្ជារបស់ព្រះអង្គមកផែនដី ព្រះបន្ទូលរបស់ព្រះអង្គក៏រត់ទៅយ៉ាងរហ័ស។
ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។
យើងស្គាល់អស់ទាំងកិច្ចការ និងគំនិតរបស់គេហើយ យើងនឹង មកប្រមូលមនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយគេនឹងចូលមក ឃើញសិរីល្អរបស់យើង។
ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។
អ្នកបានឮហើយ ចូរពិចារណាការទាំងនេះចុះ តើអ្នកនឹងមិនព្រមថ្លែងប្រាប់ទេឬ? ពីពេលនេះទៅ យើងបានបង្ហាញឲ្យអ្នកឃើញការថ្មីទៀត គឺជាការលាក់កំបាំងដែលអ្នកមិនបានស្គាល់។
ផ្លូវដើររបស់មនុស្ស ស្រេចលើព្រះយេហូវ៉ា ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស យល់ផ្លូវរបស់ខ្លួនបាន?
ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។
ព្រះអង្គដែលបានបង្កើតត្រចៀកមក តើព្រះអង្គមិនឮទេឬ? ព្រះអង្គដែលបានសូនធ្វើភ្នែក តើព្រះអង្គមើលមិនឃើញទេឬ?
យើងដឹងដោយសារសេចក្ដីនេះថា យើងស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងយើង ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។
ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ និងទីដេកសម្រាករបស់ទូលបង្គំ ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។
តើព្រះនឹងគង់លើផែនដីប្រាកដឬ? មើល៍ ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
ប៉ុន្តែ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានត្រាចារឹកថា «ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ» ហើយថា «ចូរឲ្យអស់អ្នកដែលហៅព្រះនាមព្រះអម្ចាស់ ថយចេញពីអំពើទុច្ចរិតទៅ» ។
ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ ដើម្បីឲ្យគេស្វែងរកព្រះ ហើយបើគេស្វែងរកព្រះអង្គមែននោះ គេមុខជានឹងរកព្រះអង្គឃើញមិនខាន។ តាមពិត ព្រះអង្គមិនគង់ឆ្ងាយពីយើងម្នាក់ៗទេ។
ព្រះយេហូវ៉ាសង់ក្រុងយេរូសាឡិមឡើងវិញ ព្រះអង្គប្រមូលអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។ ព្រះអង្គមិនបានប្រព្រឹត្តដូច្នេះ ចំពោះសាសន៍ដទៃណាឡើយ គេមិនស្គាល់វិន័យរបស់ព្រះអង្គទេ។ ហាលេលូយ៉ា ! ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។
ដល់ព្រះតែមួយព្រះអង្គគត់ដែលប្រកបដោយប្រាជ្ញា តាមរយៈព្រះយេស៊ូវគ្រីស្ទ សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ អស់កល្បតរៀងទៅ។ អាម៉ែន។:៚
៙ ប្រសិនបើយើងខ្ញុំបានភ្លេច ព្រះនាមព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅរកព្រះដទៃណាមួយ នោះតើព្រះមិនទតឃើញទេឬ? ដ្បិតព្រះអង្គជ្រាបពីសេចក្ដី ដែលលាក់ទុកនៅក្នុងចិត្ត។
ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងទីវិនាស នោះប្រាកដច្បាស់នៅចំពោះ ព្រះយេហូវ៉ាទៅហើយ ចំណង់បើចិត្តនៃមនុស្សទាំងអស់ជាតិ តើច្បាស់ជាជាងអម្បាលម៉ានទៅទៀត។
ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ តាំងពីចាស់បុរាណមក? តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ? តើមិនមែនយើងជាយេហូវ៉ាទេឬ? ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីយើងឡើយ។
ដានីយ៉ែលពោលថា៖ «សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា និងតេជានុភាពជារបស់ព្រះអង្គ។ ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។ ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
ដែលព្រះអង្គបានផ្តល់មកយើងជាបរិបូរ។ ព្រះអង្គបានសម្ដែងឲ្យយើងស្គាល់អាថ៌កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ ដោយប្រាជ្ញា និងការយល់ដឹងគ្រប់យ៉ាង ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យសម្រេចទុកក្នុងព្រះគ្រីស្ទ
ឯព្រះ ផ្លូវរបស់ព្រះអង្គគ្រប់លក្ខណ៍ ព្រះបន្ទូលនៃព្រះយេហូវ៉ានោះពិតហើយ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។
ផ្លូវរបស់ព្រះសុទ្ធតែគ្រប់លក្ខណ៍ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានសាកមើលដែរ ព្រះអង្គជាខែលដល់អស់អ្នកណា ដែលជ្រកក្នុងព្រះអង្គ។
សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
តើឯងនៅឯណាក្នុងកាលដែលយើង ចាប់ផ្ដើមបង្កបង្កើតផែនដី? ចូរប្រាប់យើងមក បើឯងដឹង។ ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា ឬចាំសង្គ្រុបនៅទីកំបាំងបានឬទេ? តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ? បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី? តើអ្នកណាបានសន្ធឹងខ្សែទៅវាស់?
កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ ក្នុងទីជ្រៅនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គឡើយ។
ចូរងើយភ្នែកអ្នកមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ព្រះអង្គក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។
ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមកលើមនុស្សសុចរិត ហើយទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់គេ ប៉ុន្តែ ព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់ទទឹងនឹងអស់អ្នកដែលប្រព្រឹត្តអាក្រក់» ។
ប៉ុន្តែ ព្រះយេស៊ូវស្គាល់គំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ?
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើង ជាការប្រពៃណាស់ ដ្បិតនេះជាទីដ៏សប្បាយរីករាយ ហើយចម្រៀងសរសើរតម្កើង ស័ក្ដិសមណាស់!
ដ្បិតសេចក្តីល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់មនុស្ស ហើយភាពទន់ខ្សោយរបស់ព្រះ ក៏មានកម្លាំងលើសជាងកម្លាំងរបស់មនុស្សដែរ។
តើព្រះអង្គបានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ព្រះអង្គ ឬបង្រៀនព្រះអង្គក្នុងផ្លូវយុត្តិធម៌? ឬឲ្យព្រះអង្គមានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ព្រះអង្គ?
គេនឹងបញ្ចេញព្រះកិត្តិនាមនៃព្រះហឫទ័យ សប្បុរសជាបរិបូររបស់ព្រះអង្គ ហើយគេនឹងស្រែកច្រៀង ពីសេចក្ដីសុចរិតរបស់ព្រះអង្គ។
ហើយដើម្បីធ្វើឲ្យមនុស្សទាំងអស់បានឃើញផែនការ ពីអាថ៌កំបាំងដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលបានបង្កើតរបស់សព្វសារពើ
៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច តបនឹងលោកយ៉ូបថា៖ ព្រមទាំងដាក់គោលចារឹកឲ្យ ហើយក៏ដាក់រនុក និងទ្វារផង ដោយពាក្យថា "ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ"។ តាំងពីឯងកើតមក តើឯងដែលបង្គាប់ដល់ពេលព្រឹក ឬឲ្យបច្ចូសកាលដឹងកំណត់ ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ? ពន្លឺនោះក៏ប្រែទៅបែបដូចជា ដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ។ ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។ តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជម្រៅ នៃបាតសមុទ្រឬទេ? ឯទ្វារនៃសេចក្ដីស្លាប់ តើបានសម្ដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារ នៃម្លប់សេចក្ដីស្លាប់ហើយឬនៅ? តើឯងបានពិចារណាឃើញ ទទឹងបណ្តោយនៃផែនដីឬ? ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។ តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្ដីងងឹត តើមានកន្លែងនៅឯណា «តើអ្នកណាដែលបង្អាប់ព្រះតម្រិះ ដោយសារពាក្យសម្ដីឥតប្រាជ្ញាដូច្នេះ?
ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។
ដ្បិតគ្មានអ្វីលាក់កំបាំង ដែលមិនត្រូវបើកសម្ដែងឲ្យឃើញ ឬអ្វីសម្ងាត់ដែលមិនត្រូវឲ្យដឹង ហើយយកទៅដាក់នៅទីភ្លឺនោះឡើយ។
តាំងតែពីដើមដំបូង យើងរមែងសម្ដែងប្រាប់ ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីបុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសម្រេចរបស់យើងនឹងស្ថិតស្ថេរនៅ យើងនឹងធ្វើតាមបំណងចិត្តយើងគ្រប់ប្រការ។
ព្រះអង្គជាព្រះដែលធ្វើការអស្ចារ្យ ព្រះអង្គបានសម្ដែងឲ្យស្គាល់ឫទ្ធានុភាព របស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍នានា។
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!
ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។ ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តរបស់ព្រះអង្គមានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយព្រះអង្គមានអំណាចនឹងលើកជាធំ ប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់។
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
សេចក្ដីសុចរិតរបស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
មើល៍ ការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយការថ្មីដែលយើងថ្លែងប្រាប់នេះ យើងប្រាប់ពីការទាំងនោះ ដល់អ្នករាល់គ្នា មុនដែលកើតមកផង។
ជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្ប គ្រប់ជំនាន់តរៀងមក តែឥឡូវនេះ បានបើកសម្ដែងឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់។
ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ របស់ព្រះអង្គទេ ហើយយើងឮនិយាយពីព្រះអង្គ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ តើអ្នកណានឹងយល់បាន?»
អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជម្រះ មិនមែនតាមភ្នែកមើលឃើញ ឬសម្រេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ
ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាកូនច្បង ក្នុងចំណោមបងប្អូនជាច្រើន។
ព្រះយេហូវ៉ាធំ ហើយគួរសរសើរតម្កើងយ៉ាងក្រៃលែង ភាពធំអស្ចារ្យរបស់ព្រះអង្គ នោះរកយល់មិនបាន។
សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
សេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា តែសេចក្ដីដែលបានបើកសម្ដែងមក នោះស្រេចនៅយើងរាល់គ្នា និងកូនចៅរបស់យើងជារៀងរហូត ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ»។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម តែងមានការយល់ដឹងល្អ ការសរសើរតម្កើងព្រះអង្គ នៅជាប់អស់កល្បជានិច្ច។
ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។
តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មានដោយក្បង់ដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង និងភ្នំតូចទាំងប៉ុន្មានដោយជញ្ជីង
តើអ្នកអាចស្វែងយល់ ពីសេចក្ដីជ្រាលជ្រៅរបស់ព្រះបានឬ? តើអាចស្វែងយល់ពីដែនកំណត់របស់ព្រះ ដ៏មានគ្រប់ព្រះចេស្តា បានឬ? សេចក្ដីនោះខ្ពស់ជាងស្ថានសួគ៌ ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណា? ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ ផង ធ្វើដូចម្តេចឲ្យអ្នកដឹងបាន? បើវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត។
ប្រសិនបើអ្នកណាស្មានថា ខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមការដែលខ្លួនត្រូវចេះដឹងនៅឡើយទេ តែបើអ្នកណាស្រឡាញ់ព្រះ នោះព្រះអង្គក៏ស្គាល់អ្នកនោះដែរ។
៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត និងបានសូនទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់ បទបញ្ជារបស់ព្រះអង្គ។
តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជម្រៅ នៃបាតសមុទ្រឬទេ?
គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយ សម្រេចការនោះវិញ។
យើងជាយេហូវ៉ា នេះហើយជាឈ្មោះរបស់យើង យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។ មើល៍ ការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយការថ្មីដែលយើងថ្លែងប្រាប់នេះ យើងប្រាប់ពីការទាំងនោះ ដល់អ្នករាល់គ្នា មុនដែលកើតមកផង។
ក៏ប៉ុន្តែ ក្នុងចំណោមមនុស្សពេញវ័យ យើងនិយាយតាមប្រាជ្ញា តែមិនមែនតាមប្រាជ្ញារបស់លោកីយ៍នេះ ឬរបស់ពួកចៅហ្វាយនៅលោកីយ៍នេះ ដែលត្រូវសាបសូន្យនោះទេ គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។ ឯព្រះអង្គដែលឈ្វេងយល់ចិត្ត ទ្រង់ជ្រាបពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យពួកបរិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះ។
ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាមើលក្នុងកញ្ចក់ តែនៅពេលនោះ យើងនឹងឃើញមុខទល់នឹងមុខ។ ឥឡូវនេះ ខ្ញុំស្គាល់ត្រឹមតែមួយផ្នែកប៉ុណ្ណោះ តែនៅពេលនោះ ខ្ញុំនឹងស្គាល់យ៉ាងច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់កល់ជើងយើង តើអ្នករាល់គ្នានឹងសង់វិហារបែបណាឲ្យយើង? តើមានកន្លែងណាជាទីសម្រាកសម្រាប់យើង? ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយជាមួយគ្នា ហើយមានអំណរដោយព្រោះក្រុងនេះចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយជាមួយក្រុងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានបៅដោះ ជាសេចក្ដីកម្សាន្តចិត្តរបស់វាឲ្យឆ្អែត ហើយឲ្យបានជព្ជាក់ទឹកដោះរបស់វា ព្រមទាំងចាប់ចិត្តចំពោះសិរីល្អដ៏បរិបូររបស់វាផង។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូចេ្នះថា យើងនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍ ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង នោះអ្នករាល់គ្នានឹងជព្ជាក់បៅ វានឹងពរអ្នក ហើយថ្នមអ្នកនៅលើភ្លៅ។ យើងនឹងកម្សាន្តចិត្តអ្នក ដូចជាម្តាយដែលលួងលោមកូន នោះអ្នករាល់គ្នានឹងមានសេចក្ដីកម្សាន្តចិត្ត ចំពោះក្រុងយេរូសាឡិម។ អ្នករាល់គ្នានឹងឃើញ ហើយមានអំណររីករាយក្នុងចិត្ត ឯអ្នករាល់គ្នានឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តរបស់ព្រះយេហូវ៉ានឹងសម្ដែងចេញ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវ។ ដ្បិតព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង ហើយព្រះរាជរថរបស់ព្រះអង្គដូចជាខ្យល់កួច ដើម្បីសម្រេចតាមសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ និងតាមពាក្យស្តីបន្ទោសរបស់ព្រះអង្គ ដោយសារអណ្ដាតភ្លើង។ ដ្បិតព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីយុត្តិធម៌ ដល់មនុស្សទាំងអស់ ដោយសារភ្លើង និងដោយសារដាវរបស់ព្រះអង្គ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាប្រហារជីវិត នោះមានគ្នាច្រើនណាស់។ ឯពួកអ្នកដែលញែកខ្លួន ជម្រះខ្លួនសម្រាប់ការថ្វាយបង្គំនៅក្នុងសួនច្បារ គោរពដល់រូបព្រះមួយនៅកណ្ដាលនោះ ព្រមទាំងស៊ីសាច់ជ្រូក និងកណ្តុរជារបស់គួរខ្ពើមឆ្អើម នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នកទាំងនោះនឹងត្រូវវិនាសទៅជាមួយគ្នាទាំងអស់។ យើងស្គាល់អស់ទាំងកិច្ចការ និងគំនិតរបស់គេហើយ យើងនឹង មកប្រមូលមនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ភាសា ហើយគេនឹងចូលមក ឃើញសិរីល្អរបស់យើង។ យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។ ដ្បិតរបស់ទាំងនេះ គឺដៃយើងដែលបានបង្កើតមក គឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ប៉ុន្តែ យើងនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក និងមានចិត្តខ្ទេចខ្ទាំ ជាអ្នកញាប់ញ័រ ដោយឮពាក្យរបស់យើង។
ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តរបស់ព្រះអង្គ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ព្រះអង្គបានកត់ត្រាទុកអស់ការសាត់អណ្តែត របស់ទូលបង្គំ ក៏ដាក់ទឹកភ្នែកទូលបង្គំទុកក្នុងដបរបស់ព្រះអង្គ តើទឹកភ្នែកទាំងនោះ មិននៅក្នុងបញ្ជីព្រះអង្គទេឬ?
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
ដោយសារជំនឿ យើងយល់ថា ពិភពលោកបានកើតមកដោយសារព្រះបន្ទូលរបស់ព្រះ ដូច្នេះ អ្វីៗដែលមើលឃើញ មិនមែនកើតចេញពីរបស់ដែលមើលឃើញនោះឡើយ។
តម្រិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។
ព្រះអង្គបើកអស់ទាំងសេចក្ដីជ្រៅជ្រះ ចេញពីងងឹតមក ក៏នាំយកម្លប់សេចក្ដីស្លាប់ចេញមក ដាក់នៅពន្លឺដែរ។
នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។
ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រា ក្រៅពីព្រះវរបិតាឡើយ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យនឹងបើកសម្តែងឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។
ទ្រង់ត្រូវគេបណ្តេញពីចំណោមមនុស្ស ហើយគំនិតរបស់ស្ដេចបានត្រឡប់ដូចជាគំនិតរបស់សត្វ ទ្រង់មានទីលំនៅជាមួយលាព្រៃ ក៏សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង ក៏តាមតែព្រះហឫទ័យ។
មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបខ្លាំងណាស់។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ទោះជាកូនទាំងពីរមិនទាន់កើត ហើយមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ (ដើម្បីឲ្យគម្រោងការជ្រើសរើសរបស់ព្រះបានជាប់នៅ
ដ្បិតប្រភពទឹកនៃជីវិតស្ថិតនៅជាមួយព្រះអង្គ យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
នោះតើមនុស្សជាអ្វី ដែលព្រះអង្គនឹកគិតដល់គេ ហើយកូនមនុស្ស ដែលព្រះអង្គ យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានស្បថថា៖ «ពិតប្រាកដជានឹងកើតមានដូចជាយើងបានគិតហើយ ក៏នឹងសម្រេចដូចជាយើងបានកំណត់ទុក
ពួកស្ងួនភ្ងាអើយ សូមកុំភ្លេចសេចក្ដីមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃទុកដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ទុកដូចជាមួយថ្ងៃដែរ ។
ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។