និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
កាលព្រះយេហូវ៉ាធុំក្លិនឈ្ងុយ ព្រះអង្គសម្រេចក្នុងព្រះហឫទ័យថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សទៀតទេ ដ្បិតគំនិតក្នុងចិត្តមនុស្សអាក្រក់តាំងតែពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារជីវិតទាំងឡាយ ដូចយើងបានធ្វើមកហើយនោះទៀតទេ។
តើអ្នកបានប្រកួត ហើយប្រមាថដល់អ្នកណា? តើអ្នកដំឡើងសំឡេងទាស់នឹងអ្នកណា? ហើយងើបភ្នែកឡើងខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែលហើយ។
ដោយព្រោះអ្នកខឹងនឹងយើងដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់អ្នក បានឮមកដល់ត្រចៀកយើង នោះយើងនឹងដាក់កន្លុះរបស់យើងនៅច្រមុះអ្នក និងដែកបង្ខាំងរបស់យើងនៅមាត់អ្នក យើងនឹងញាក់ឲ្យអ្នកវិលទៅតាមផ្លូវ ដែលអ្នកបានមកនោះវិញ។
បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ»។
មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា "ព្រះមិនរវីរវល់អ្វីឡើយ" ឯអស់ទាំងគំនិតរបស់គេតែងគិតថា "គ្មានព្រះណាទេ"។
ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ និងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។
ដ្បិតព្រះអង្គសង្គ្រោះមនុស្សរាបសា តែមនុស្សឆ្មើងឆ្មៃ ព្រះអង្គបន្ទាបគេចុះ។
ពេលគេបានឮពីទូលបង្គំភ្លាម នោះគេក៏ស្តាប់តាមទូលបង្គំ ពួកសាសន៍ដទៃគោរពចុះចូលចំពោះទូលបង្គំ។
ប៉ុន្ដែ ផារ៉ោនតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលយើងត្រូវស្តាប់តាម ហើយឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះយេហូវ៉ាទេ ហើយមិនឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។
គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា តែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។
គំនិតគិតពីសេចក្ដីចម្កួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្ឱនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកម្ចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីអំពើទុច្ចរិត មានសេចក្ដីវិនាស និងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ។
ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនអ្នក គេនឹងមកឱនក្រាបនៅចំពោះអ្នក ហើយអ្នកណាដែលធ្លាប់មើលងាយអ្នក គេនឹងក្រាបចុះនៅទៀបបាទជើងអ្នក គេនឹងហៅអ្នកថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ ពាក្យរបស់យើង តើមិនមែនដូចជាភ្លើង ហើយដូចជាញញួរ ដែលបំបែកថ្មខ្ទេចខ្ទីទេឬ?
ឱក្រុងយេរូសាឡិមអើយ ចូរលាងចិត្តអ្នកឲ្យជ្រះចេញពីអំពើទុច្ចរិត ដើម្បីឲ្យអ្នកបានសង្គ្រោះ តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួន ដល់កាលណាទៀត។
ដូច្នេះ អស់ទាំងដើមឈើនៅផែនដីនឹងដឹងថា យើង គឺយេហូវ៉ា យើងបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានតម្កើងដើមឈើទាបឡើងវិញ យើងបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺយើង យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះ»។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ ហើយលើកតម្កើង ព្រមទាំងថ្វាយកិត្តិនាមដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ព្រះអង្គ ក៏យុត្តិធម៌ដែរ ព្រះអង្គអាចបន្ទាបអស់អ្នកដែលប្រព្រឹត្ត ដោយចិត្តអំនួត។
ដ្បិតបំណងអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ សហាយស្មន់ ការលួចប្លន់ ការធ្វើបន្ទាល់ក្លែងក្លាយ ពាក្យមួលបង្កាច់ សុទ្ធតែចេញមកពីក្នុងចិត្តទាំងអស់។
ទ្រង់បានសម្តែងឫទ្ធិ ដោយព្រះហស្តរបស់ព្រះអង្គ ព្រមទាំងកម្ចាត់កម្ចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តរបស់គេ។
ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។
ដែលតាមរយៈព្រះអង្គ យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវក ដើម្បីនាំឲ្យមានការស្ដាប់បង្គាប់តាមជំនឿ នៅកណ្តាលអស់ទាំងសាសន៍ សម្រាប់ព្រះនាមព្រះអង្គ
តែឥឡូវនេះបានសម្ដែងឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមសេចក្ដីបង្គាប់របស់ព្រះដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់តាមជំនឿ
ប៉ុន្តែ ខ្ញុំឃើញមានច្បាប់មួយទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលច្បាំងនឹងច្បាប់នៃគំនិតរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់នៅក្រោមច្បាប់របស់បាប ដែលនៅក្នុងអវយវៈរបស់ខ្ញុំ។
ព្រោះមានសេចក្តីចែងទុកមកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយលើកចំណេះរបស់ពួកអ្នកចេះចោលចេញ»។
ព្រោះប្រាជ្ញារបស់លោកីយ៍នេះ ជាសេចក្តីល្ងីល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់គេ»
ដ្បិតអ្នករាល់គ្នាទ្រាំទ្រឲ្យគេជិះជាន់ ស៊ីសាច់ កេងប្រវ័ញ្ច លើកតម្កើងខ្លួន ហើយឲ្យគេទះកំផ្លៀងអ្នករាល់គ្នាផង។
តាមរយៈភស្តុតាងនៃការជួយឧបត្ថម្ភនេះ អ្នករាល់គ្នាសរសើរតម្កើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសម្ដែងឲ្យគេឃើញច្បាស់ថា អ្នករាល់គ្នាពិតជាចុះចូលតាមដំណឹងល្អរបស់ព្រះគ្រីស្ទមែន ហើយដោយព្រោះចិត្តសទ្ធាដែលអ្នករាល់គ្នាបានចែកចាយដល់គេ និងដល់មនុស្សដទៃទៀតទាំងអស់
ចូរប្រយ័ត្ន កុំឲ្យមានគំនិតអាក្រក់នៅក្នុងចិត្ត ហើយគិតថា "ឆ្នាំទីប្រាំពីរ ជាឆ្នាំដែលត្រូវលើកលែងជិតមកដល់ហើយ" ហើយអ្នកមើលទៅបងប្អូនដែលក្រនោះដោយគ្មានចិត្តមេត្ដា ឥតមានឲ្យអ្វីដល់គេសោះ ពេលគេទូលដល់ព្រះយេហូវ៉ាទាស់នឹងអ្នក នោះអ្នកនឹងមានបាបមិនខាន។
នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។
ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។
កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។