ព្រះអង្គដែលបានរំដោះយើងឲ្យរួចពីការស្លាប់យ៉ាងសម្បើមនោះ ទ្រង់នឹងនៅតែរំដោះយើងតទៅទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
ឱពួកវង្សយ៉ាកុបអើយ ចូរស្តាប់យើងចុះ គឺសំណល់នៃវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលយើងបានថែរក្សាអ្នករាល់គ្នាតាំងពីកំណើត ហើយបានបីបាច់តាំងពីផ្ទៃម្តាយមក
ប្រសិនបើយ៉ាងនោះមែន ព្រះរបស់ទូលបង្គំយើងខ្ញុំ ដែលយើងខ្ញុំគោរពបម្រើ ទ្រង់ពិតជាអាចរំដោះយើងខ្ញុំឲ្យរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបាន បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងរំដោះយើងខ្ញុំឲ្យរួចពីព្រះហស្តរបស់ព្រះករុណាដែរ។
ពេលនោះ ស្ដេចក៏ចេញបញ្ជា ហើយគេនាំដានីយ៉ែលយកទៅបោះក្នុងរូងសិង្ហ។ ស្ដេចមានរាជឱង្ការទៅដានីយ៉ែលថា៖ «ព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ទ្រង់នឹងសង្គ្រោះលោកមិនខាន!»
ហេតុនេះហើយបានជាសាសន៍យូដាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ហើយព្យាយាមសម្លាប់ទូលបង្គំ។
ដើម្បីឲ្យខ្ញុំបានរួចពីពួកអ្នកមិនជឿនៅស្រុកយូដា ហើយឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិម បានទទួលការបម្រើរបស់ខ្ញុំ
យើងខ្ញុំនឹកក្នុងចិត្តថា យើងខ្ញុំមានទោសប្រហារជីវិតជាប់ខ្លួន ដើម្បីកុំឲ្យយើងខ្ញុំពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើព្រះ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងនោះវិញ។
ដូចជាគ្មានអ្នកណាស្គាល់ តែមនុស្សទាំងអស់បានស្គាល់យ៉ាងច្បាស់ ដូចជាហៀបនឹងស្លាប់ តែមើល៍ យើងមានជីវិត ដូចជាត្រូវគេធ្វើទោស តែមិនដល់ស្លាប់ទេ។
ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។
ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។
ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ
ដាវីឌក៏ទូលទៀតថា៖ «ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ»។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរទៅចុះ សូមព្រះយេហូវ៉ាគង់ជាមួយឯង»។
ពេលនោះ លោកសាំយូអែលយកថ្មដាក់នៅកណ្ដាលមីសប៉ា និងសេន ហើយក៏ហៅថ្មនោះថា អេបេន-អេស៊ើរ ដោយពោលថា៖ «ព្រះយេហូវ៉ាបានជួយយើងខ្ញុំរហូតដល់ឥឡូវនេះ»។