យើងដឹងថា យើងស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺដោយយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ។
ទូលបង្គំនឹងរត់តាមផ្លូវនៃបទបញ្ជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានពង្រីកចិត្តទូលបង្គំ។
នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ ដោយភ្នែកទូលបង្គំបានសម្លឹងមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។
ក្រោយពីការរងទុក្ខលំបាកយ៉ាងខ្លាំងមក ព្រះអង្គនឹងឃើញពន្លឺ ព្រះអង្គនឹងបានស្កប់ស្កល់ តាមរយៈព្រះតម្រិះរបស់ព្រះអង្គ។ អ្នកសុចរិត គឺជាអ្នកបម្រើរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនបានសុច្ចរិត ហើយព្រះអង្គនឹងទទួលរងអំពើទុច្ចរិតរបស់គេ។
«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះ?
«បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបទបញ្ជារបស់ខ្ញុំចុះ
បើអ្នករាល់គ្នាកាន់តាមបទបញ្ជារបស់ខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបទបញ្ជារបស់ព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។
បើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។
ឯជីវិតអស់កល្បជានិច្ចនោះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។
ដ្បិតព្រះដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត» ទ្រង់បានបំភ្លឺក្នុងចិត្តយើង ដើម្បីឲ្យយើងស្គាល់ពន្លឺសិរីល្អរបស់ព្រះ ដែលភ្លឺពីព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ
ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានឈ្នះមេកំណាចហើយ។
យើងដឹងហើយថា យើងបានកន្លងផុតពីសេចក្ដីស្លាប់ ទៅដល់ជីវិតហើយ ព្រោះយើងស្រឡាញ់ពួកបងប្អូន ឯអ្នកណាដែលមិនចេះស្រឡាញ់ អ្នកនោះនៅជាប់ក្នុងសេចក្ដីស្លាប់នៅឡើយ។
យើងនឹងដឹងដោយសារសេចក្ដីនេះឯងថា យើងកើតមកពីសេចក្ដីពិត ហើយធ្វើឲ្យយើងមានទំនុកចិត្តនៅចំពោះព្រះអង្គ
អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ អ្នកនោះមិនធ្វើបាបទេ តែអ្នកដែលធ្វើបាប មិនបានឃើញព្រះអង្គឡើយ ក៏មិនស្គាល់ព្រះអង្គផង។
យើងដឹងដោយសារសេចក្ដីនេះថា យើងស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងយើង ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។
ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។
យើងដឹងថា យើងមកពីព្រះ ហើយលោកីយ៍ទាំងមូលដេកនៅក្នុងអំណាចរបស់មេកំណាច។
កាលណាយើងស្រឡាញ់ព្រះ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះយើងដឹងថា យើងស្រឡាញ់ពួកកូនរបស់ព្រះ។
ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។
បន្ទាប់មក នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងកូនចៅរបស់នាងដែលនៅសល់ ជាអ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងទីបន្ទាល់របស់ព្រះយេស៊ូវ។
នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ គឺអស់អ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងកាន់តាមជំនឿរបស់ព្រះយេស៊ូវ។
មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យមានសិទ្ធិចូលដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ។