អេសេគាល 2:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះអង្គមានព្រះបន្ទូលថា៖ «កូនមនុស្សអើយ យើងចាត់អ្នកឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងយើង ទោះទាំងខ្លួនគេ និងបុព្វបុរសរបស់គេ ក៏បានរំលងទាស់នឹងយើង រហូតដល់ថ្ងៃនេះ។ សូមមើលជំពូក |
គេបោះបង់បញ្ញត្តិរបស់ព្រះអង្គ និងសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងបុព្វបុរសគេ ព្រមទាំងសេចក្ដីបន្ទាល់ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែការឥតប្រយោជន៍ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ។
តាំងពីគ្រាបុព្វបុរសរបស់យើងខ្ញុំ រហូតមកដល់សព្វថ្ងៃ យើងខ្ញុំមានទោសធ្ងន់ណាស់ ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាព្រះអង្គប្រគល់យើងខ្ញុំ ពួកស្តេចរបស់យើងខ្ញុំ និងពួកសង្ឃរបស់យើងខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់ពួកស្តេចស្រុកដទៃ ឲ្យគេសម្លាប់ដោយដាវ ឲ្យគេនាំទៅជាឈ្លើយ ឲ្យគេរឹបយកទ្រព្យសម្បត្តិ ហើយឲ្យមានសេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ។
គួរឲ្យយើងរាល់គ្នាដេក ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្រប់ដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា។
មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់គ្រប់ទាំងអស់ ដែលយើងបង្ហាញដល់អ្នក ដ្បិតបាននាំអ្នកមកនៅទីនេះ ប្រយោជន៍ឲ្យយើងបានបង្ហាញទាំងអស់នេះដល់អ្នក ដូច្នេះ ចូរប្រាប់ទាំងអស់ដែលអ្នកឃើញដល់ពួកវង្សអ៊ីស្រាអែលផង។