ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិត របស់មនុស្សសុចរិតចេញ។
មានមនុស្សខូចអាក្រក់ពីរនាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខប្រជាជនថា៖ «ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង»។ ដូច្នេះ គេនាំគាត់ចេញទៅក្រៅទីក្រុង ហើយគប់នឹងថ្មសម្លាប់ទៅ
ដូច្នេះ ចូរអ្នករាល់គ្នាកោតខ្លាចដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត្ន ហើយសម្រេចការនោះទៅ ដ្បិតគ្មានអំពើទុច្ចរិតណា នៅនឹងព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ក៏គ្មានសេចក្ដីលម្អៀងទៅខាងអ្នកណា ឬស៊ីសំណូកផង»។
គេលើកគ្នាទាស់នឹងជីវិតមនុស្សសុចរិត ហើយគេកាត់ទោសប្រហារជីវិត មនុស្សស្មោះត្រង់។
អ្នកដែលរាប់មនុស្សអាក្រក់ថាឥតមានទោស និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស អ្នកទាំងពីរនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
មនុស្សអាក្រក់ គេតែងតែទទួលសំណូក ដោយលួចលាក់ ដើម្បីនឹងបង្ខូចផ្លូវយុត្តិធម៌។
អ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថា «ឯងសុចរិតទេ» នោះបណ្ដាជននឹងប្រទេចផ្ដាសាដល់អ្នកនោះ ហើយអស់ទាំងសាសន៍នឹងស្អប់ខ្ពើមអ្នកនោះដែរ
ពួកមេរបស់អ្នកជាពួកអ្នកបះបោរ ហើយជាមិត្តនឹងពួកចោរ។ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយ ក៏មិនដែលមកដល់គេដែរ។
វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ
ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួកប្រជារាស្ត្ររបស់យើង ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងនិមិត្តគេយល់ខុសទទេ ក៏រមិលក្នុងការជំនុំជម្រះ។
គឺជាពួកអ្នកដែលចាប់ពាក្យមនុស្ស ឲ្យគេមានទោស ហើយដាក់អន្ទាក់ចាប់ពួកមនុស្ស ដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិត ដោយឥតហេតុផង។
គ្រឿងប្រដាប់របស់មនុស្សកំណាចសុទ្ធតែអាក្រក់ គេគិតគូរការអាក្រក់ ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះជាមនុស្សកម្សត់និយាយដោយត្រឹមត្រូវក៏ដោយ។
សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញ ហើយយល់ឃើញថា នោះជាការអាក្រក់ ដែលគ្មានយុត្តិធម៌សោះ។
ដ្បិតយើងដឹងហើយថា អំពើរំលងរបស់អ្នករាល់គ្នាមានច្រើនណាស់ ហើយអំពើបាបរបស់អ្នករាល់គ្នាក៏សម្បើមណាស់ផង អ្នករាល់គ្នានេះហើយដែលធ្វើទុក្ខមនុស្សសុចរិត ហើយស៊ីសំណូក ក៏បង្វែរមនុស្សកម្សត់ទុគ៌តនៅទ្វារក្រុង ។
ពួកកំពូលលើគេតែងតែជំនុំជម្រះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកម្រៃ ហើយពួកហោរាក៏ថ្លែងទំនាយឲ្យបានប្រាក់ ប៉ុន្តែ គេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា "ព្រះយេហូវ៉ាគង់នៅកណ្ដាលយើងរាល់គ្នាទេតើ និងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ"។
ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។
ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅលើផែនដី ធ្លាក់មកលើអ្នករាល់គ្នា តាំងពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់លោកសាការី ជាកូនលោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីបរិសុទ្ធ និងអាសនា។
មិនត្រូវបង្ខូចយុត្តិធម៌ឡើយ ក៏មិនត្រូវមានចិត្តលម្អៀងទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកធ្វើឲ្យភ្នែករបស់អ្នកប្រាជ្ញទៅជាខ្វាក់ ហើយបង្ខូចពាក្យសម្ដីរបស់មនុស្សសុចរិត។
អ្នករាល់គ្នាបានដាក់ទោស ហើយបានសម្លាប់មនុស្សសុចរិត ដែលគេមិនបានប្រឆាំងតបនឹងអ្នករាល់គ្នាវិញសោះ។