អេសាយ 49:23ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅអ្នក គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក ហើយលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់យើង នឹងមិនត្រូវខ្មាសឡើយ។ សូមមើលជំពូក |
គឺសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯកន្លែងរបស់គេវិញ ហើយពួកវង្សរបស់អ៊ីស្រាអែលនឹងបានពួកសាសន៍ទាំងនោះទុកជាបាវប្រុសបាវស្រី នៅក្នុងស្រុករបស់ព្រះយេហូវ៉ា គេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនជាឈ្លើយនោះឯង ហើយនឹងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនខ្លួនវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា ព្រះគង់ជាមួយលោកពិត គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។