អេសាយ 12:4ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។ សូមមើលជំពូក |
បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។
៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។