អេសាយ 11:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះអង្គនឹងលើកទង់មួយឡើង សម្រាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាស នៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដា មកពីទិសទាំងបួននៃផែនដី។ សូមមើលជំពូក |
ឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបម្រើព្រះអង្គ សម្រាប់នឹងនាំពួកយ៉ាកុបមកឯព្រះអង្គវិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯព្រះអង្គ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំព្រះអង្គជាកម្លាំងខ្ញុំ។
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កាលណាយើងបានប្រមូលពួកវង្សអ៊ីស្រាអែល មកពីគ្រប់សាសន៍ ដែលគេត្រូវខ្ចាត់ខ្ចាយទៅនោះ ហើយយើងបានញែកជាបរិសុទ្ធនៅក្នុងពួកគេ ចំពោះភ្នែកនៃសាសន៍ដទៃ នោះគេនឹងអាស្រ័យនៅក្នុងស្រុករបស់ខ្លួន ដែលយើងបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើយើង។