ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត។
ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់អ្នកឡើយ។
បើអ្នកវិលត្រឡប់មកឯព្រះ ដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកម្ចាត់អំពើទុច្ចរិតឲ្យឆ្ងាយចេញ ពីទីលំនៅរបស់អ្នកទៅ
ត្រូវចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស និងមនុស្សសុចរិត នោះកុំសម្លាប់គេឡើយ ដ្បិតមនុស្សអាក្រក់ នោះយើងមិនដែលរាប់ជាសុចរិតទេ។
កូនអើយ ឯងកុំដើរក្នុងផ្លូវជាមួយគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុង ផ្លូវច្រករបស់គេវិញ។
កុំមានចិត្តច្រណែននឹងមនុស្សអាក្រក់ឡើយ ក៏កុំឲ្យចង់ប្រាថ្នាទៅនៅជាមួយគេដែរ
កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។
ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។
ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ
ចូរដោះខ្លួនចេញ ដូចជាប្រើសដែលខំប្រឹង ឲ្យរួចពីកណ្ដាប់ដៃនាយព្រាន ហើយដូចជាសត្វហើរ ឲ្យរួចពីដៃនៃអ្នកដែលចាប់វា ។
គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កម្រៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកម្ចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង។
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។