មនុស្សមួម៉ៅរមែងអុចអាល ឲ្យកើតមានសេចក្ដីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន។
កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន ហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។
អ្នកណាដែលរហ័សខឹង នោះតែងតែប្រព្រឹត្តឥតបើគិត ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះរមែងជាទីស្អប់ដល់អ្នកដទៃ។
មនុស្សគំរោះគំរើយ រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរម្ងាប់សេចក្ដីជម្លោះវិញ។
អ្នកណាដែលចូលចិត្តនឹងការឈ្លោះប្រកែក នោះឈ្មោះថាជាអ្នកស្រឡាញ់អំពើបាបហើយ ចំណែកអ្នកណាដែលលើកខ្លួនឲ្យខ្ពស់ នោះជាអ្នកស្វែងរកតែសេចក្ដីហិនវិនាស។
កុំចងជាមិត្តនឹងមនុស្សណា ដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ
មនុស្សដែលចេះតែរករឿង គេរមែងអុចអាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឧបមាដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ
ដែករមែងសំលៀងដែក ឯមនុស្សក៏ធ្វើឲ្យមិត្តសម្លាញ់ខ្លួន មុតស្រួចយ៉ាងនោះដែរ។
អ្នកណាដែលចិញ្ចឹមបាវបម្រើដោយថ្នម តាំងពីតូចមក នោះដល់ជាន់ក្រោយ នឹងបានអ្នកនោះដូចជាកូនវិញ។
ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន និងគំនុំគុំគួន ទីនោះក៏មានភាពវឹកវរ និងអំពើអាក្រក់គ្រប់យ៉ាង។