អ្នកណាដែលមានចិត្តធំ នោះបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អ្នកដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។
ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន ហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។
ព្រះយេហូវ៉ាមិនព្រមឲ្យព្រលឹង នៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ តែព្រះអង្គច្រានសេចក្ដីលោភ របស់មនុស្សអាក្រក់ចេញ។
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។
ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។
មនុស្សគំរោះគំរើយ រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរម្ងាប់សេចក្ដីជម្លោះវិញ។
អ្នកណាដែលលោភចង់បានកម្រៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។
ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចម្រើនកម្លាំងដល់ឆ្អឹង។
ឯមនុស្សអំនួត ហើយឆ្មើងឆ្មៃ មានឈ្មោះជាអ្នកចំអក គេតែងតែប្រព្រឹត្តដោយសេចក្ដីប្រមាថមើលងាយ និងសេចក្ដីអំនួតទទេ។
ចូរបណ្តេញមនុស្សដែលចំអកមើលងាយចេញ នឹងលែងមានសេចក្ដីទាស់ទែងគ្នា ហើយការឈ្លោះប្រកែក និងការត្មះតិះដៀលក៏ស្ងប់ទៅដែរ។
មនុស្សមួម៉ៅរមែងអុចអាល ឲ្យកើតមានសេចក្ដីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
ប៉ុន្ដែ ការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ នោះពិតជាកម្រៃមួយយ៉ាងធំមែន។