អ្នកណាដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីសប្បុរស អ្នកនោះនឹងរកបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។
មានពន្លឺភ្លឺឡើងក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ ជាអ្នកមានចិត្តប្រណីសន្ដោស មេត្តាករុណា និងសុចរិត។
កិច្ចការដែលមនុស្សសុចរិតធ្វើ នោះគឺសម្រាប់ចិញ្ចឹមជីវិត តែផលរបស់មនុស្សអាក្រក់ សម្រាប់តែធ្វើបាបវិញ។
ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែព្រះអង្គស្រឡាញ់ចំពោះអ្នកណា ដែលដើរតាមសេចក្ដីសុចរិតវិញ។
ផលនៃសេចក្ដីសុភាព និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា គឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
ដូច្នេះ សេចក្ដីនោះនឹងបានជាជីវិត ដល់ព្រលឹងឯង ហើយជាគ្រឿងលម្អនៅកឯង។
ឱអ្នករាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមយើងចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់អ្នករាល់គ្នាចេញមក ហើយលុងជារណ្តៅដែលជាកន្លែង បានជីកយកអ្នកឡើងមកនោះ
ត្រូវឲ្យយើងស្គាល់ព្រះយេហូវ៉ា ត្រូវឲ្យយើងសង្វាតនឹងស្គាល់ព្រះអង្គ ឯដំណើរដែលព្រះអង្គយាងចេញមក គឺពិតដូចអរុណរះ ព្រះអង្គនឹងយាងមករកពួកយើង ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។
មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។
ហេតុដូច្នេះ យើងត្រូវដេញតាមអ្វីដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីដែលស្អាងចិត្តគ្នាទៅវិញទៅមក។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែសង្វាតនឹងដេញតាមចាប់ឲ្យបានសេចក្ដីដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំបាននោះដែរ។
ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។
ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។
ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។