សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ប្រោសឲ្យមានជីវិត ហើយអ្នកណាដែលមានសេចក្ដីនោះ នឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្ដីអាក្រក់ណាមកលើខ្លួនឡើយ។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ
ការកោតខ្លាចដល់ព្រះយេហូវ៉ា នោះស្អាតបរិសុទ្ធ ក៏ស្ថិតស្ថេរនៅជាដរាប។ វិន័យរបស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក។
ព្រលឹងអ្នកនោះនឹងនៅជាប់ ក្នុងសេចក្ដីសុខសាន្ត ហើយពូជពង្សអ្នកនោះ នឹងបានគ្រងស្រុកនេះជាមត៌ក។
ពិតប្រាកដជាការសង្គ្រោះរបស់ព្រះអង្គ នៅជិតអស់អ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យមានសិរីរុងរឿងនៅក្នុងស្រុករបស់យើង។
ពេលព្រឹក សូមចម្អែតយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ ហើយសប្បាយរីករាយអស់មួយជីវិត។
នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។
យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះចម្រើនថ្ងៃអាយុ តែអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់ នឹងត្រូវរួញខ្លីវិញ។
ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
មនុស្សសុចរិតនឹងមិនត្រូវកើតមាន សេចក្ដីភិតភ័យអន្តរាយឡើយ តែមនុស្សដែលប្រព្រឹត្តអាក្រក់ នឹងបានឆ្អែតដោយការអាក្រក់។
សេចក្ដីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្ដីសប្បុរសរបស់អ្នកនោះ ហើយមនុស្សទាល់ក្រ រមែងវិសេសជាងមនុស្សភូតភរ។
ផលនៃសេចក្ដីសុភាព និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា គឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
ប្រសិនបើឯង អង្គុយចុះ ឯងនឹងមិនភ័យខ្លាចអ្វីឡើយ កាលណាឯងចូលដេក នោះឯងនឹងដេកលក់យ៉ាងស្កប់ស្កល់។
ប៉ុន្តែ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាប សម្រាប់អ្នករាល់គ្នាដែលកោតខ្លាចដល់យើង នោះអ្នករាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល។
មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។
ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្តីសុខសាន្ត ហើយបានស្អាងឡើង។ គេរស់នៅដោយកោតខ្លាចព្រះអម្ចាស់ មានការកម្សាន្តចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ហើយក្រុមជំនុំក៏មានចំនួនកើនឡើងជាលំដាប់។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។
ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់បែបយ៉ាង ហើយសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។