បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។
ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។
មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។
ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណា ដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្ដីសម្អប់វិញ។
កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណា ជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ព្រះអង្គក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវ បានជាមេត្រីនឹងអ្នកនោះដែរ។
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
បើមានតែបាយក្រៀមមួយដុំ ដែលបរិភោគដោយសេចក្ដីសុខ វិសេសជាងមានផ្ទះពេញដោយការជប់លៀង តែមានសេចក្ដីទាស់ទែងគ្នាវិញ។
មនុស្សក្រីក្រដែលប្រព្រឹត្តតាម ផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។
បើមានតែមួយក្តាប់ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមានពីរក្តាប់ និងការខំប្រឹងដោយនឿយហត់ ដូចជាដេញចាប់ខ្យល់ ។
ឯទទាដែលក្រាបពងឥតបានភ្ញាស់ជាយ៉ាងណា នោះអ្នកដែលប្រមូលទ្រព្យសម្បត្តិ មិនមែនដោយទៀងត្រង់ក៏យ៉ាងនោះដែរ ទ្រព្យសម្បត្តិនោះនឹងលះចោលគេ កាលនៅពាក់កណ្ដាលអាយុនៅឡើយ ហើយដល់ចុងបំផុត គេនឹងទៅជាឆ្កួតផង។
តើយើងអាចបំភ្លេចទ្រព្យសម្បត្តិ នៃអំពើអាក្រក់នៅក្នុងផ្ទះមនុស្សអាក្រក់ និងរង្វាល់ឆកោង ដែលជាទីគួរស្អប់ខ្ពើមបានឬ?