ពាក្យសម្ដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎ គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត!
សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។
មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសម្ដីរបស់មនុស្សមានប្រាជ្ញាជាថ្នាំផ្សះវិញ។
មនុស្សរមែងមានអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។
គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា តែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។
ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
អើចិត្តថ្លើមយើងនឹងរីករាយ ក្នុងកាលដែលបបូរមាត់ឯង ពោលសេចក្ដីដែលត្រឹមត្រូវ។
ប្រេងលាប និងទឹកអប់ តែងធ្វើឲ្យចិត្តរីករាយ តែទុក្ខលំបាក តែងហែកហួរព្រលឹងមនុស្ស ។
នោះនឹងបានជាសេចក្ដីសុខស្រួល ដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង។
ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង។
គ្រូប្រដៅបានស្វែងរកពាក្យពីរោះ និងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ពិតទាំងអស់។
ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំ និងទឹកដោះគោនៅក្រោមអណ្ដាតឯង ហើយក្លិនសម្លៀកបំពាក់របស់ឯង ដូចជាក្លិនក្រអូបនៃព្រៃល្បាណូន
ទូលបង្គំបានឃើញព្រះបន្ទូលព្រះអង្គ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ព្រះអង្គជាអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមព្រះអង្គ។
សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់មកដូចទឹកភ្លៀង ឲ្យពាក្យសម្ដីខ្ញុំស្រក់ដូចសន្សើម គឺដូចជាភ្លៀងរលឹម មកលើស្មៅល្បាស់ខ្ចី ហើយដូចជាភ្លៀងមួយមេមកលើតិណជាតិ។
ខ្ញុំក៏យកក្រាំងតូចនោះពីដៃទេវតាមកបរិភោគ ហើយនៅក្នុងមាត់ខ្ញុំផ្អែមដូចទឹកឃ្មុំ តែកាលខ្ញុំបានបរិភោគរួចហើយ នោះក៏ល្វីងនៅក្នុងពោះខ្ញុំមែន។