អ្នកណាដែលមិនព្រមទទួល សេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះបានយោបល់វិញ។
ដ្បិតអ្នកស្អប់ការប្រៀនប្រដៅ ហើយច្រានចោលពាក្យយើងទៅក្រោយខ្នង។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថាវង្វេងវិញ។
អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្តាប់តាម សេចក្ដីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។
ឯការចម្កួតជាអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
ត្រចៀកណាដែលស្តាប់តាម សេចក្ដីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្ដាលពួកអ្នកប្រាជ្ញ។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសា តែងតែនាំមុខកិត្តិសព្ទ។
មនុស្សល្ងីល្ងើតែងតែស្អប់ សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។
ការដែលមនុស្សល្ងីល្ងើមានប្រាក់នៅដៃ សម្រាប់រៀនឲ្យបានប្រាជ្ញា តើមានប្រយោជន៍អ្វី បើគេគ្មានចិត្តចង់រៀនសោះ?
ចិត្តរបស់មនុស្សវាងវៃ តែងតែចម្រើនចំណេះ ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។
ចូរស្តាប់ដំបូន្មាន ហើយទទួលប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។
ឯការដែលស្តាប់ពាក្យបន្ទោសរបស់មនុស្ស មានប្រាជ្ញាវិសេសដល់មនុស្ស ជាជាងស្តាប់បទចម្រៀងរបស់ពួកល្ងីលើ
ហេតុអ្វីអ្នករាល់គ្នាចង់ត្រូវរំពាត់? ហេតុអ្វីចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ? ក្បាលរបស់អ្នករាល់គ្នាក៏ឈឺ ហើយគ្រប់គ្នាមានចិត្តល្វើយហើយ។
ទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេ ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ។ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្ត អំពើអាក្រក់ដល់ខ្លួនគេហើយ។
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
«បើអ្នកណាមានកូនដែលរឹងរូស ហើយបះបោរ មិនស្តាប់បង្គាប់ពាក្យរបស់ឪពុកម្តាយសោះ ហើយទោះបើឪពុកម្តាយវាយស្តីប្រដៅ ក៏វានៅតែមិនព្រមស្ដាប់
រួចត្រូវជម្រាបពួកចាស់ទុំរបស់ក្រុងនោះថា "កូនយើងខ្ញុំនេះវារឹងរូស ហើយបះបោរ មិនព្រមស្តាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក"។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។
យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។