ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែព្រះអង្គនឹងតាំងគោលចារឹក នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។
គេធ្វើបាប ស្ត្រីអារដែលមិនបង្កើតកូន ហើយគ្មានចិត្តមេត្តាដល់ស្ត្រីមេម៉ាយឡើយ។
តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
ដ្បិតទោះបើព្រះយេហូវ៉ាខ្ពស់ ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច តែឯមនុស្សឆ្មើងឆ្មៃវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
ឱមនុស្សខ្លាំងពូកែអើយ ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ? ព្រះហឫទ័យសប្បុរសរបស់ព្រះ ស្ថិតស្ថេរអស់កល្បជានិច្ច។
ប៉ុន្តែ ព្រះនឹងបំផ្លាញអ្នករហូតតទៅ ព្រះអង្គនឹងចាប់យកអ្នកទៅ ហើយកន្ត្រាក់អ្នកចេញពីជំរំ ព្រះអង្គនឹងដកអ្នកចេញពីទឹកដី របស់មនុស្សរស់នេះ។ –បង្អង់
មនុស្សអាក្រក់ត្រូវដួល ហើយមិននៅទៀតទេ តែផ្ទះរបស់មនុស្សសុចរិត បានស្ថិតស្ថេរនៅវិញ។
ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរំលំ តែខ្ទមរបស់មនុស្សទៀងត្រង់ នឹងចម្រើនឡើងវិញ។
គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា តែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។
កុំបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ។
ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ មកលើមនុស្សឫកខ្ពស់ និងមនុស្សមានចិត្តឆ្មើងឆ្មៃ លើអស់អ្នកដែលត្រូវបានគេលើកតម្កើង ឲ្យបន្ទាបចុះវិញ
គេឡើងសាច់ធាត់ ហើយប៉ផូរ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្ដីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចម្រើនឡើងឡើយ ក៏មិនសម្រេចត្រឹមត្រូវដល់ពួកកម្សត់។
ប៉ុន្ដែ កាលព្រះហឫទ័យស្ដេចបានប៉ោងឡើង ហើយមានចិត្តរឹងរូស រហូតដល់ទ្រង់វាយឫកខ្ពស់ ស្ដេចក៏ត្រូវគេទម្លាក់ចុះពីបល្ល័ង្ករាជ្យ ហើយគេក៏ដកសិរីល្អរបស់ស្ដេចចេញ។
«មិនត្រូវបង្ខិតគោលចារឹករបស់អ្នកជិតខាង ដែលមនុស្សជំនាន់ដើមបានបោះ នៅដីដែលអ្នកនឹងគ្រងជាមត៌ក ក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់នោះឡើយ»។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។