អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
គេបង្ខំមនុស្សកម្សត់ឲ្យចៀសចេញពីផ្លូវ ពួកអ្នកក្រីក្រនៅផែនដី ក៏គេចពួនទាំងអស់គ្នា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
អ្នកដែលសង្កត់សង្កិនមនុស្សទាល់ក្រ ដើម្បីចម្រើនទ្រព្យសម្បត្តិខ្លួនឡើង ហើយអ្នកណាដែលជូនជំនូនដល់អ្នកមាន នោះនឹងត្រឡប់ជាខ្វះខាតវិញ។
ពួកអ្នកមាន និងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលបង្កើតគេគ្រប់គ្នា។
អ្នកណាដែលចម្រើនសម្បត្តិទ្រព្យខ្លួន ដោយយកការ ហើយដោយដាក់បុល នោះគឺប្រមូលទុកសម្រាប់មនុស្ស ដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រទេ។
ប្រសិនបើជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា កុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានអ្នកដែលខ្ពស់ជាងគេទៅទៀតផង។
អ្នករាល់គ្នាមិនត្រូវបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះរបស់អ្នកវិញ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
បើបង ឬប្អូនដែលនៅជិតអ្នក ធ្លាក់ខ្លួនទៅជាក្រ ហើយបែរជាស្ថិតនៅក្រោមបន្ទុករបស់អ្នក នោះត្រូវជួយគាត់ផង ដើម្បីឲ្យគាត់បានរស់នៅជាមួយអ្នក ដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់អាស្រ័យដែរ។
អ្នករាល់គ្នាតែងមានអ្នកក្រីក្រនៅជាមួយរហូត តែខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
មិនត្រូវសង្កត់សង្កិនកូនឈ្នួលដែលទាល់ក្រ ហើយកម្សត់ទុគ៌តឡើយ ទោះជាពួកបងប្អូន ឬជាពួកអ្នកប្រទេសក្រៅ ដែលនៅក្នុងក្រុង ក្នុងស្រុករបស់អ្នកក្តី។
យើងបានទទួលបទបញ្ជានេះមកពីព្រះអង្គថា អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវតែស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។