អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
អ្នកណាដែលរហ័សខឹង នោះតែងតែប្រព្រឹត្តឥតបើគិត ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះរមែងជាទីស្អប់ដល់អ្នកដទៃ។
ស្តេចមានសិរីល្អ នោះគឺដោយមានប្រជារាស្ត្រ ជាច្រើន ឯចៅហ្វាយ បើគ្មានបណ្ដាជន នោះត្រូវធ្លាក់ចុះវិញ។
មនុស្សគំរោះគំរើយ រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរម្ងាប់សេចក្ដីជម្លោះវិញ។
អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះ យកបានទីក្រុងទៅទៀត។
អ្នកណាដែលមានតម្រិះ រមែងសំចៃទុកនូវពាក្យសម្ដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
សតិបញ្ញារបស់មនុស្សនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។
បើអ្នកណាដែលមិនចេះគ្រប់គ្រង លើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។
កុំប្រញាប់នាំគេឡើងតុលាការ ក្រែងដល់ចុងបំផុត អ្នកជិតខាងធ្វើឲ្យអ្នកខ្មាសគេ នោះមិនដឹងធ្វើម្ដេចទៀត។
ចូរតម្កើងប្រាជ្ញាឲ្យខ្ពស់ឡើងនោះ និងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់។
គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ។
ការបង្ហើយអ្វីៗ វិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ វិសេសជាងមានចិត្តអំនួតដែរ។
កុំមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូង របស់មនុស្សល្ងីល្ងើទេ។
រីឯលោកម៉ូសេ លោកជាមនុស្សសុភាពរាបសាណាស់ លើសជាងមនុស្សណាទៀតទាំងអស់នៅលើផែនដី។
ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។
កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។
បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។