ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន ហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។
មនុស្សគំរោះគំរើយ រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរម្ងាប់សេចក្ដីជម្លោះវិញ។
មនុស្សចោលម្សៀត គេគិតគូរបង្កើតការអាក្រក់ ហើយនៅបបូរមាត់គេមានភ្លើងក្តៅដែរ។
អ្នកណាដែលគ្របបាំងសេចក្ដីកំហុស របស់អ្នកដទៃ នោះជាអ្នកស្វែងរក សេចក្ដីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្តសម្លាញ់បាក់បែកគ្នាវិញ។
អ្នកណាដែលមានចិត្តធំ នោះបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
មនុស្សមួម៉ៅរមែងអុចអាល ឲ្យកើតមានសេចក្ដីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន។
ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
ការទាស់ទែង និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើមកពីណា? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលច្បាំងនៅខាងក្នុងអ្នករាល់គ្នាទេឬ?
ត្រូវឲ្យអ្នកនោះដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យងាកចេញពីផ្លូវដែលគេវង្វេងនោះមកវិញ នោះឈ្មោះថា បានសង្គ្រោះព្រលឹងអ្នកនោះឲ្យរួចពីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្ត ។:៚
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។