សាការី 2:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា» នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ឲ្យខ្ញុំមករកអ្នក។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា ព្រះគង់ជាមួយលោកពិត គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា «ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ» ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។