វិវរណៈ 11:15ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ សូមមើលជំពូក |
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ ពួកយ៉ាកុបទាំងអស់ហើយ ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។
នោះរាជ្យ និងអំណាចគ្រប់គ្រង និងភាពឧត្តុង្គឧត្តមនៃនគរទាំងឡាយ នៅក្រោមមេឃទាំងមូល នឹងត្រូវប្រគល់ឲ្យប្រជាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់គេនឹងបានជារាជ្យមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងទាំងប៉ុន្មាននឹងបម្រើ ហើយស្តាប់បង្គាប់ពួកបរិសុទ្ធនោះ»។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ការសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្ទនៃព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់ពួកបងប្អូនរបស់យើង ដែលចេះតែចោទពីគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានបោះទម្លាក់ចុះហើយ។
បន្ទាប់មកទៀត ខ្ញុំឃើញបល្ល័ង្កជាច្រើន និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ បានទទួលអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាល ដោយព្រោះគេបានធ្វើបន្ទាល់ពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ ព្រមទាំងអស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វនោះ ឬរូបរបស់វា ក៏មិនបានទទួលសញ្ញាសម្គាល់របស់វា នៅលើថ្ងាស ឬនៅលើដៃរបស់គេដែរ ។ អ្នកទាំងនោះបានរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រីស្ទមួយពាន់ឆ្នាំ។