ក្រោយពីបានបញ្ចុះសពឪពុករួចហើយ លោកយ៉ូសែបក៏ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ រួមជាមួយពួកបងប្អូនរបស់លោក ព្រមទាំងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីបញ្ចុះសពឪពុករបស់លោក។
គឺកូនចៅរបស់លោកបានដឹកសពរបស់លោកទៅស្រុកកាណាន ហើយបញ្ចុះក្នុងល្អាងនៃចម្ការម៉ាក់ពេឡា នៅជិតម៉ាមរេ ដែលលោកអ័ប្រាហាំបានទិញចម្ការនោះពីអេប្រុន ជាសាសន៍ហេត ទុកជាទីបញ្ចុះសព។
កាលបងៗរបស់លោកយ៉ូសែបឃើញថា ឪពុករបស់គេបានស្លាប់ហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបនឹងស្អប់យើង ហើយសងសឹកយើង ព្រោះតែអំពើអាក្រក់ដែលយើងបានប្រព្រឹត្តចំពោះគេជាមិនខាន»។