គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀមដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ។
ព្រះនឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚
ដ្បិតភ្នែកយើងមើលឃើញអស់ទាំងផ្លូវរបស់គេ ហើយគេមិនកំបាំងពីមុខយើងទេ ឯអំពើទុច្ចរិតរបស់គេ ក៏មិនបិទបាំងពីភ្នែកយើងដែរ។
រីឯតង្វាយយញ្ញបូជាដែលត្រូវថ្វាយដល់យើង នោះគេសម្លាប់សត្វ ដើម្បីឲ្យតែបានសាច់ស៊ីប៉ុណ្ណោះ តែព្រះយេហូវ៉ាមិនទទួលទេ ឥឡូវនេះ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយដាក់ទោសអំពើបាបរបស់គេ គេនឹងវិលទៅស្រុកអេស៊ីព្ទវិញ។
ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកបង្ហាញឲ្យឃើញ ក៏គ្មានអ្វីអាថ៌កំបាំងដែលមិនត្រូវលាតត្រដាងនៅទីភ្លឺដែរ។
ដ្បិតគ្មានអ្វីលាក់កំបាំង ដែលមិនត្រូវបើកសម្ដែងឲ្យឃើញ ឬអ្វីសម្ងាត់ដែលមិនត្រូវឲ្យដឹង ហើយយកទៅដាក់នៅទីភ្លឺនោះឡើយ។
នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។
ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។
ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។