ដ្បិតដែលព្រះវរបិតាមានជីវិតក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងអង្គទ្រង់យ៉ាងនោះដែរ
ដ្បិតប្រភពទឹកនៃជីវិតស្ថិតនៅជាមួយព្រះអង្គ យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះ។
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងជាព្រះដ៏ជាព្រះ» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះដ៏ជាព្រះទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"»។
ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។
នៅក្នុងព្រះអង្គ អ្វីៗដែលបានកើតមកមានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក។
គ្មាននរណាដកយកជីវិតពីខ្ញុំបានឡើយ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ខ្ញុំបានទទួលអំណាចនេះពីព្រះវរបិតារបស់ខ្ញុំ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ
អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ តើនាងជឿសេចក្តីនេះឬទេ?»
បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំ ដោយព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏នឹងរស់ដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់ព្រះ និងអ្នកដែលនិយាយនឹងនាងថា "ខ្ញុំសុំទឹកទទួលទានផង" នោះនាងនឹងសុំពីអ្នកនោះវិញ ហើយអ្នកនោះនឹងឲ្យទឹករស់ដល់នាង»។
ដូចជាព្រះវរបិតាដែលមានព្រះជន្មរស់ បានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់នៅ ដោយសារព្រះអង្គ នោះអ្នកណាដែលពិសាខ្ញុំ នឹងរស់ដោយសារខ្ញុំដែរ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ»។
ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។
ហេតុនេះហើយបានជាមានសេចក្តីចែងទុកមកថា «លោកអ័ដាមដែលជាមនុស្សមុនដំបូង បានត្រឡប់ជាមានព្រលឹងរស់ឡើង» តែលោកអ័ដាមចុងក្រោយបង្អស់ ត្រឡប់ជាវិញ្ញាណដែលផ្ដល់ជីវិត។
សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មមិនចេះសាបសូន្យ ទ្រង់គង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន គ្មានអ្នកណាដែលឃើញព្រះអង្គឡើយ ក៏មិនអាចមើលឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាម៉ែន។
ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញ ដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមទាំងបង្កើតពិភពលោក តាមរយៈព្រះរាជបុត្រានោះដែរ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាលផា និងអូមេកា គឺជាដើម និងជាចុង បើអ្នកណាស្រេក យើងនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដោយឥតគិតថ្លៃ។
បន្ទាប់មក ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកជីវិត ថ្លាដូចកែវចរណៃ ហូរចេញពីបល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀម
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ «សូមយាងមក!» សូមឲ្យអ្នកណាដែលឮពោលឡើងដែរថា៖ «សូមយាងមក!»។ អ្នកណាដែលស្រេក សូមចូលមក! ហើយអ្នកណាដែលចង់បាន សូមមកយកទឹកជីវិតនេះចុះ ឥតបង់ថ្លៃទេ។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅរករន្ធទឹកនៃជីវិត ហើយព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់គេ »។