យើងរាល់គ្នាបានទទួលសេចក្តីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ
គេដើរទៅទាំងមានកម្លាំងខ្លាំងឡើងៗជានិច្ច គ្រប់គ្នាបង្ហាញខ្លួននៅចំពោះព្រះ ក្នុងក្រុងស៊ីយ៉ូន។
ឱភ្នំធំអើយ តើអ្នកជាអ្វី អ្នកនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងយកថ្ម ជាកំពូលចេញមក ដោយមានសម្រែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ»។
ដ្បិតអ្នកណាដែលមាន នឹងត្រូវបន្ថែមឲ្យ ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលគេមាន ក៏នឹងត្រូវដកយកដែរ។
ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ត ប៉ុន្តែ ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមនឹងកាន់សុព័ណ៌បាទថ្វាយព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។
តែលោកយ៉ូហានប្រកែកថា៖ «ទូលបង្គំទេដែលត្រូវទទួលពិធីជ្រមុជទឹកពីព្រះអង្គ ម្តេចបានជាព្រះអង្គមករកទូលបង្គំទៅវិញ?»
ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។
ដ្បិតព្រះអង្គដែលព្រះបានចាត់ឲ្យមក ទ្រង់ថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិតទេ។
បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។
តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
ក្រឹត្យវិន័យបានចូលមក ធ្វើឲ្យអំពើរំលងនោះកាន់តែកើនឡើង តែនៅទីណាដែលបាបកើនឡើង នោះព្រះគុណក៏រឹតតែចម្រើនជាបរិបូរឡើងដែរ។
ប៉ុន្តែ ដោយព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា អ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងព្រះវិញ្ញាណវិញ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ព្រះអង្គទេ។
ដែលជាព្រះកាយរបស់ព្រះអង្គ ជាសេចក្តីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់។
ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។
ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងព្រះអង្គ
ដែលគ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹងលាក់ទុកក្នុងព្រះអង្គ។
ទាំងស្វែងរកឲ្យដឹងពីអ្នកណា ឬពេលវេលាណា ដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្ទសណ្ឋិតក្នុងគេ ទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក និងពីសិរីល្អដែលត្រូវមកតាមក្រោយ។
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។