យ៉ាកុប 5:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មើល៍! យើងរាប់អស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានពរ។ អ្នករាល់គ្នាបានឮពីការស៊ូទ្រាំរបស់លោកយ៉ូបហើយ ក៏បានឃើញថា នៅទីបំផុតព្រះអម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះគាត់ គឺទ្រង់មានព្រះហឫទ័យអាណិតអាសូរ និងមេត្ដាករុណាយ៉ាងពោរពេញ។ សូមមើលជំពូក |
ប្រសិនបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន និងកូនចៅអ្នករាល់គ្នា នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំអ្នកទៅជាឈ្លើយ ហើយត្រឡប់វិលមកស្រុកនេះវិញ ព្រោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា។ ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអង្គវិញ ព្រះអង្គនឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ»។
គេមិនព្រមស្ដាប់បង្គាប់ឡើយ ក៏មិននឹកចាំពីការអស្ចារ្យដែលព្រះអង្គបានធ្វើក្នុងចំណោមពួកគេដែរ គឺគេតាំងចិត្តរឹងចចេស ហើយបះបោរ គេបានតែងតាំងម្នាក់ឲ្យធ្វើជាមេដឹកនាំ វិលទៅរកភាពជាទាសករនៅស្រុកអេស៊ីព្ទវិញ តែព្រះអង្គជាព្រះដែលប្រុងតែនឹងអត់ទោស ប្រណីសន្ដោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា បានប្រោសដល់យើងរាល់គ្នា និងសេចក្ដីសប្បុរសដ៏ធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលព្រះអង្គបានប្រោសដល់គេ តាមសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ព្រះអង្គ។
រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ តើមិនមែនការនេះទេឬ ដែលទូលបង្គំបាននិយាយកាលទូលបង្គំនៅស្រុករបស់ទូលបង្គំនោះ? គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅក្រុងតើស៊ីសវិញ ព្រោះទូលបង្គំបានដឹងថា ព្រះអង្គជាព្រះដ៏ប្រកបដោយករុណា ក៏មានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង។