ហេតុអ្វីបានជាមនុស្សខ្លាំងពូកែរបស់អ្នក ត្រូវដួលចុះដូច្នេះ? គេមិនអាចឈរនៅបានឡើយ ព្រោះយើងនេះជាយេហូវ៉ាច្រានគេឲ្យដួល។
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។
ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំង សម្រាប់ចម្បាំង ព្រះអង្គបានបង្ក្រាបអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យរាបនៅក្រោមទូលបង្គំ។
ព្រះអង្គបានបណ្តេញសាសន៍នានាចេញ ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់ ហើយបានដាំអ៊ីស្រាអែលជំនួសវិញ ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ តែបានធ្វើឲ្យអ៊ីស្រាអែលពង្រីកទឹកដី។
សូមព្រះក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ ហើយឲ្យអស់អ្នកដែលស្អប់ព្រះអង្គ រត់ចេញពីព្រះភក្ត្រព្រះអង្គ!
សូមព្រះអង្គបណ្តេញគេចេញ ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន ដ្បិតដោយដៃដ៏ខ្លាំងពូកែ យើងនឹងឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ហើយដោយដៃដ៏ខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅ»។
មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្ដាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ។
ហេតុអ្វីបានជាយើងត្រូវឃើញដូច្នេះ គេត្រូវស្លុតចិត្ត ហើយបានថយចេញទៅ ពួកខ្លាំងពូកែរបស់គេបានត្រូវវាយផ្ដួលចុះ ក៏រត់ទៅឥតងាកបែរទៅខាងក្រោយឡើយ ព្រោះមានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
នោះព្រះយេហូវ៉ានឹងបណ្តេញសាសន៍ទាំងអស់នេះ ចេញពីមុខអ្នក ហើយអ្នកនឹងចាប់យកស្រុករបស់សាសន៍ដែលធំ ហើយខ្លាំងពូកែជាងអ្នក