យេរេមា 33:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ សូមមើលជំពូក |
ពេលស្ដេចបានពិគ្រោះនឹងបណ្ដាជនហើយ ទ្រង់ក៏តម្រូវឲ្យមានពួកអ្នកដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា៖ «ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសព្រះអង្គនៅជាប់អស់កល្បជានិច្ច»។
នៅខណៈនោះ ព្រះបាទហេសេគាមានរាជឱង្ការឡើងថា៖ «ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា និងតង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ ក្រុមជំនុំក៏នាំយកយញ្ញបូជា និងតង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកតង្វាយដុតមកដែរ។
នៅខណៈនោះ កាលពួកផ្លុំត្រែ និងពួកចម្រៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែមួយ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈិង និងលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា៖ «ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។ ពេលនោះ ស្រាប់តែព្រះដំណាក់របស់ព្រះយេហូវ៉ា មានពេញដោយពពក។
ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គបានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន របស់ព្រះយេហូវ៉ាដែរ មានអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងតន្ត្រីពីរោះផង។
យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងដោះអ្នករាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយប្រមូលអ្នកពីគ្រប់សាសន៍ និងពីគ្រប់កន្លែងដែលយើងបានបណ្តេញអ្នក នាំវិលត្រឡប់មកកន្លែងដែលយើងបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
មនុស្សនឹងទទួលទិញស្រែចម្ការដោយប្រាក់ ព្រមទាំងចុះឈ្មោះ និងបិទត្រា ហើយហៅស្មរបន្ទាល់មកផង គឺនៅក្នុងស្រុកបេនយ៉ាមីននេះនឹងនៅក្រវល់ក្រុងយេរូសាឡិម នៅអស់ទាំងទីក្រុងរបស់ស្រុកយូដា នៅទីក្រុងស្រុកភ្នំ ទីក្រុងស្រុកទំនាប និងក្នុងទីក្រុងនៃតំបន់ណេកិបទាំងប៉ុន្មានដែរ ដ្បិតយើងនឹងធ្វើឲ្យពួកគេដែលជាប់ជាឈ្លើយ បានត្រឡប់មកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។