យេរេមា 21:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចតាមសេចក្ដីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្ដីក្រោធរបស់យើងចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលទាស់នឹងពួកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំដូច្នេះថា៖ អ្នករាល់គ្នាបានកម្ចាត់កម្ចាយហ្វូងចៀមរបស់យើង ហើយបណ្តេញចេញ ឥតថែរក្សាមើលវាឡើយ ដូច្នេះ យើងនឹងទម្លាក់អំពើអាក្រក់របស់អ្នករាល់គ្នាទៅលើអ្នកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ។
ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។