មីកា 6:16ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។ សូមមើលជំពូក |
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ព្រះអង្គ សូមឲ្យសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតក្រុងយេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅជុំវិញយើងខ្ញុំ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំ។