ព្រះយេហូវ៉ាធំអស្ចារ្យនៅក្រុងស៊ីយ៉ូន ព្រះអង្គថ្កើងឡើងលើសជាតិសាសន៍ទាំងអស់។
ព្រះយេហូវ៉ាគង់នៅខ្ពស់លើអស់ទាំងសាសន៍ ហើយសិរីល្អរបស់ព្រះអង្គ ខ្ពស់ជាងផ្ទៃមេឃ!
ព្រះអង្គបង្ក្រាបជាតិសាសន៍ទាំងឡាយ ឲ្យស្ថិតនៅក្រោមអំណាចយើង ហើយនគរនានា នៅក្រោមជើងយើង។
៙ ព្រះគ្រប់គ្រងលើជាតិសាសន៍នានា ព្រះគង់លើបល្ល័ង្កដ៏បរិសុទ្ធរបស់ព្រះអង្គ។
ព្រះភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន ដែលជាទីក្រុងដ៏មាន សោភ័ណភាពគ្រប់លក្ខណ៍។
ដែលទ្រង់សោយរាជ្យ ដោយព្រះចេស្តាព្រះអង្គអស់កល្បជានិច្ច ព្រះនេត្រព្រះអង្គរំពៃមើលអស់ទាំងសាសន៍ មិនត្រូវឲ្យពួកបះបោរតម្កើងខ្លួនឡើយ។ –បង្អង់
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុត នៅលើផែនដីទាំងមូល ព្រះអង្គបានថ្កើងឡើងលើសជាងអស់ទាំងព្រះ។
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា។
តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះ យ៉ាងណាទៅ? គឺត្រូវថា ព្រះយេហូវ៉ាបានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួកប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។
ព្រះអង្គមិនបានឃើញមានគ្រោះកាចនៅក្នុងពួកយ៉ាកុបទេ ក៏មិនឃើញមានភាពវឹកវរនៅក្នុងពួកអ៊ីស្រាអែលដែរ។ ព្រះយេហូវ៉ាជាព្រះរបស់គេ ទ្រង់គង់នៅជាមួយគេ ទាំងមានសម្រែកប្រកាសថាព្រះអង្គជាស្តេចនៅកណ្ដាលពួកគេ។