៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ តើព្រះអង្គខ្ញាល់នឹងប្រជារាស្ត្រព្រះអង្គ នៅពេលគេអធិស្ឋានរកព្រះអង្គ ដល់កាលណាទៀត?
ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គ សូមឲ្យពួកមនុស្សអាក្រក់ត្រូវខ្មាស សូមឲ្យគេដេកស្ងៀមនៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទៅ!
ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។
ឱព្រះអង្គ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល សូមតើនឡើង ហើយដាក់ទោស ជាតិសាសន៍ទាំងអស់នោះ សូមកុំប្រណីអ្នកណាម្នាក់ ក្នុងចំណោមអស់អ្នក ដែលក្បត់ដ៏ទុច្ចរិតទាំងនោះឡើយ។ –បង្អង់
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ជួបការដ៏ពិបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។
ឱព្រះអើយ ហេតុអ្វីបានជា ព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាសេចក្ដីខ្ញាល់ របស់ព្រះអង្គហុយផ្សែង ទាស់នឹងហ្វូងចៀមនៅលើវាលស្មៅ របស់ព្រះអង្គ?
ឱព្រះយេហូវ៉ាអើយ តើដល់ពេលណាទៀត? តើព្រះអង្គខ្ញាល់រហូតឬ? តើព្រះហឫទ័យប្រចណ្ឌរបស់ព្រះអង្គ នៅតែឆេះដូចភ្លើងទៀតឬ?
តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គបន្លាយសេចក្ដីក្រោធរបស់ព្រះអង្គ គ្រប់ជំនាន់តទៅឬ?
ព្រះអង្គបាំងអង្គដោយពពក ដើម្បីមិនឲ្យសេចក្ដីអធិស្ឋានណា ចូលទៅដល់បានឡើយ។
ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកបម្រើព្រះអង្គផង ហើយដោយយល់ដល់ព្រះអង្គ សូមធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើទីបរិសុទ្ធរបស់ព្រះអង្គ ដែលនៅស្ងាត់ច្រៀបនេះផង។
ព្រះយេហូវ៉ានឹងមិនអត់ទោសអ្នកនោះឡើយ គឺសេចក្ដីខ្ញាល់ និងសេចក្ដីប្រចណ្ឌរបស់ព្រះយេហូវ៉ា នឹងហុយឡើងទាស់នឹងអ្នកនោះ ហើយគ្រប់ទាំងបណ្ដាសាដែលបានកត់ក្នុងគម្ពីរនេះ នឹងនៅជាប់លើអ្នកនោះ រួចព្រះយេហូវ៉ានឹងលុបឈ្មោះគេចេញពីក្រោមមេឃ។