នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បាន ក្រៅពីព្រះអង្គឡើយ។
សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំ បានគាប់ព្រះហឫទ័យដល់ព្រះអង្គ ដ្បិតខ្ញុំរីករាយក្នុងព្រះយេហូវ៉ា។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ខ្ញុំទូលព្រះយេហូវ៉ាថា៖ «ព្រះអង្គ ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីព្រះអង្គ ទូលបង្គំរកសេចក្ដីល្អ មិនបានឡើយ»។
ព្រះយេហូវ៉ាជាចំណែកមត៌ករបស់ទូលបង្គំ ហើយជាពែងរបស់ទូលបង្គំ អនាគតរបស់ទូលបង្គំ ស្ថិតក្នុងព្រះហស្តព្រះអង្គ។
ឯទូលបង្គំវិញ ទូលបង្គំនឹងរំពឹងមើលព្រះភក្ត្រព្រះអង្គ ដោយសេចក្ដីសុចរិត កាលណាទូលបង្គំភ្ញាក់ឡើង ទូលបង្គំនឹងបានស្កប់ចិត្ត ដោយឃើញរូបអង្គទ្រង់។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ពេលនោះ ទូលបង្គំនឹងចូលទៅរក អាសនារបស់ព្រះ គឺទៅជួបព្រះដែលជាអំណរ ដ៏លើសលុបរបស់ទូលបង្គំ ឱព្រះ ព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងស៊ុង។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
ដ្បិតតើមានអ្នកណានៅលើមេឃ ដែលអាចប្រៀបផ្ទឹមនឹងព្រះយេហូវ៉ាបាន? ក្នុងចំណោមពួកស្ថានសួគ៌ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
អ្នកណាស្រឡាញ់ឪពុក ឬម្តាយ ជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំឡើយ ហើយអ្នកណាស្រឡាញ់កូនប្រុស ឬកូនស្រី ជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។
មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ។
លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។
ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។