៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។
ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកម្លាំងកាន់តែខ្លាំងឡើង។
ចិត្តគេនឹងន គេនឹងមិនភ័យខ្លាចអ្វីឡើយ រហូតទាល់តែបានជ័យជម្នះ លើខ្មាំងសត្រូវរបស់គេ។
គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។
ព្រលឹងអ្នកនោះនឹងនៅជាប់ ក្នុងសេចក្ដីសុខសាន្ត ហើយពូជពង្សអ្នកនោះ នឹងបានគ្រងស្រុកនេះជាមត៌ក។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នឹងបានទទួលទឹកដីជាមត៌ក។
អ្នកនឹងបានឃើញការតបស្នង ដល់មនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះ។
៙ មនុស្សសុចរិតនឹងលូតលាស់ឡើង ដូចដើមលម៉ើ ក៏ចម្រើនឡើង ដូចដើមតាត្រៅ នៅលើភ្នំល្បាណូន។
ផ្លូវរបស់មនុស្សទៀងត្រង់ នោះគឺជាការចៀសវាងពីអំពើអាក្រក់ អ្នកណាដែលរក្សាទុកនូវផ្លូវប្រព្រឹត្តរបស់ខ្លួន នោះឈ្មោះថាការពារព្រលឹងខ្លួន។
កុំឲ្យថា «យើងនឹងសងសឹក» ចូររង់ចាំព្រះយេហូវ៉ាចុះ ព្រះអង្គនឹងជួយសង្គ្រោះឯងវិញ។
កាលណាមនុស្សអាក្រក់ចម្រើនជាច្រើនឡើង នោះអំពើរំលងច្បាប់ក៏ចម្រើនឡើងដែរ ប៉ុន្តែ ពួកសុចរិតនឹងឃើញគ្រា ដែលគេដួលចុះទៅវិញ។
កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។
ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ចុងបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
ដ្បិតអស់អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើងវិញ»។
ត្រូវដើរតាមអស់ទាំងផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់ដល់អ្នក ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានសប្បាយ ព្រមទាំងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។
ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។