ឱព្រះអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ថ្លៃវិសេសយ៉ាងណាហ្ន៎! ពួកកូនមនុស្សលោក ជ្រកក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកព្រះអង្គឃើញទេ ព្រះអង្គមានតេជានុភាពដ៏ខ្ពស់បំផុត តែដោយព្រះអង្គមានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពោរពេញ បានជាព្រះអង្គនឹងមិនធ្វើទុក្ខទេ។
ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា!
សូមការពាររក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបាំងទូលបង្គំក្រោមម្លប់ នៃចំអេងស្លាបរបស់ព្រះអង្គ
ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស។
សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ ទូលបង្គំនឹងច្រៀងដោយអំណរ។
ឱព្រះអើយ សេចក្ដីសុចរិតរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន ឱព្រះអើយ តើមានអ្នកណាដូចព្រះអង្គ?
ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។
ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
ព្រះយេហូវ៉ាយាងកាត់នៅមុខលោក ហើយប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ប្រណីសន្តោស ព្រះអង្គយឺតនឹងខ្ញាល់ មានព្រះហឫទ័យសប្បុរស ហើយស្មោះត្រង់ជានិច្ច។
ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសម្លាប់ពួកហោរា ហើយគប់ដុំថ្មលើអស់អ្នកដែលបានចាត់មកឯងអើយ តើប៉ុន្មានដងហើយ ដែលយើងចង់ប្រមូលកូនរបស់ឯង ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះ។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ដោយសារសេចក្ដីទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីនោះឯង ទាំងបានរួចផុតពីសេចក្ដីពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្តីប៉ងប្រាថ្នា។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបព្រះអង្គចុះ»។