សូមការពាររក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបាំងទូលបង្គំក្រោមម្លប់ នៃចំអេងស្លាបរបស់ព្រះអង្គ
ឱព្រះអើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំយកព្រះអង្គជាទីជ្រកកោន។
ឱព្រះអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ថ្លៃវិសេសយ៉ាងណាហ្ន៎! ពួកកូនមនុស្សលោក ជ្រកក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ព្រះអង្គ ហើយព្រះអង្គនឹងឲ្យគេផឹកពីទន្លេ នៃព្រះហឫទ័យរីករាយរបស់ព្រះអង្គ។
សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត គឺរកព្រះដែលសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ។
៙ ទូលបង្គំនឹងរស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមទីកំបាំង នៃស្លាបរបស់ព្រះអង្គ។ -បង្អង់
ដ្បិត ឱព្រះអើយ ព្រះអង្គបានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ព្រះអង្គបានប្រោសប្រទានឲ្យទូលបង្គំនូវមត៌ក ដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលកោតខ្លាចព្រះនាមព្រះអង្គ។
ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ ទូលបង្គំនឹងច្រៀងដោយអំណរ។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។
ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
ត្រូវរក្សាបណ្ដាំឪពុកទាំងប៉ុន្មាន ដើម្បីឲ្យបានរស់នៅ ព្រមទាំងឱវាទរបស់ឪពុក ដូចរក្សាប្រស្រីភ្នែកឯងដែរ
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះថា៖ (ក្រោយពីសិរីល្អរបស់ព្រះអង្គ បានចាត់យើង) ទៅសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺពាល់ដល់ប្រស្រីព្រះនេត្ររបស់យើង ហើយ។
«ឱយេរូសាឡិម យេរូសាឡិមជាក្រុងដែលសម្លាប់ពួកហោរា ហើយយកថ្មគប់ពួកអ្នកដែលព្រះបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់អ្នកមក ដូចមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប តែអ្នកមិនព្រមទេ!
ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសម្លាប់ពួកហោរា ហើយគប់ដុំថ្មលើអស់អ្នកដែលបានចាត់មកឯងអើយ តើប៉ុន្មានដងហើយ ដែលយើងចង់ប្រមូលកូនរបស់ឯង ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះ។
ព្រះអង្គឃើញលោកនៅតំបន់ស្ងាត់ ក្នុងទីរហោស្ថានហួតហែង មានតែសំឡេងថ្ងួចថ្ងូរ ព្រះអង្គបានព័ទ្ធលោកជុំវិញ ហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ព្រះអង្គ។
សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបព្រះអង្គចុះ»។